ពិធីអបអរសាទរខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥ និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤ និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ នៅសាលប្រជុំសាលាខេត្ត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិធីនេះបានចាប់ផ្តើមដោយមានវត្តមាន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធម៌ និងអ្នកពាក់ព័ន្ធ អញ្ជើញឡើងដាក់កម្រងផ្កា បាច់ផ្កា និងអុចគុបភ្លើងជ័យ ព្រមទាំងអង្គពិធីទាំងមូលបានលំអោនកាយឧទ្ទិសបួងសួង ដល់ដួងព្រះវិញ្ញាណខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ កុំបីឃ្លាតក្លាយឧបការៈដទៃឡើយ។

លោក ប៉ែន កុសល្យ អភិបាលខេត្ត បានធ្វើការថ្លែងសុន្ទរកថា ខ្លឹមសារនៃទិវាបុណ្យឯករាជជាតិ យ៉ាងដូច្នេះថា ថ្ងៃនេះ ៩វិច្ឆកា ២០២៥ ជាទិវារំលឹកខួបលើកទី៧២ហើយ ដែលប្រទេសជាតិ បានទទួលឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣។ ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ សូមដឹងគុណូបការៈយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជនយុទ្ធនារីស្នេហាជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរណ៍។

ជាពិសេសកូនចៅសូមគោរពដឹងគុណ ដ៍ថ្លៃថ្លាគ្មានអ្វីប្រៀបបាន និងឧត្តុង្គឧត្តមនៃព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះករុណាព្រះមហាវិរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ក្នុងសន្តិភាព សេចក្តីថ្លៃថ្នូរ ព្រះបរមរតនកោដ្ឋ ទ្រង់បានបន្សល់ទុកនូវ សមិទ្ធផលយ៉ាងច្រើនឥតគណនា សម្រាប់កូនចៅព្រះអង្គក្នុងព្រះរាជាណាចក្រកម្ពុជា សា្នព្រះហស្ថព្រះអង្គ កូនចៅ ចៅទួតរបស់ព្រះអង្គ ពុំអាចបំភ្លេចបានឡើយ កូនចៅ ចៅទួតទាំងអស់ នឹងដង្ហែរតាមព្រះរាជបូជនីយកិច្ច របស់ព្រះអង្គ ព្រះបរមរតនកោដ្ឋជារៀងដរាបតទៅ។

លោកអភិបាលខេត្ត បានបន្ថែមថា ទន្ទឹមនឹងបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ បានភ្ជាប់ជាមួយការអបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ ដ៏អង់អាចក្លាហានរបស់យើង ដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើង និងបានបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីកម្ពុជា ជារៀងរហូតតទៅ។

លោកអភិបាលខេត្តបន្តលើឡើងថា ចាប់ពីឆ្នាំ១៩៩៨មក តាមរយៈនយោបាយឈ្នះ! ឈ្ន! របស់សម្តេចអគ្គមហា សនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច រាជរដ្ឋាភិបាល បានជំរុញអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តចតុកោណ និងបានបន្តដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ក្នុងអាណតិ្ត រាជរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើមូលដ្ឋាននេះ ពីឆ្នាំ១៩៩៨មក សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនកម្រិតខ្ពស់ជាបន្តបន្ទាប់ និងឈានទៅសម្រេចបានចក្ខុវិស័យជាប្រទេសមានកំណើនសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់បនៅ ឆ្នាំ២០៣០ និងកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។
បន្ទាប់មកគណៈអធិបតី និងអង្គពិធី បានបង្ហោះប៉េងប៉ោង ជាសក្ខីភាព បង្ហាញនូវភាពសុខក្សេមក្សាន្ត សម្បូរសប្បាយ ដល់ប្រជារាស្រ្តខ្មែរតរៀងទៅ៕





ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
