ព័ត៌មានអន្តរជាតិ

ទំនើបកម្ម កសិកម្មចិន ឆ្ពោះទៅសហគមន៍ ច្នៃប្រឌិតសកល

«មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ជាឃ្លាដ៏សាមញ្ញពោរពេញ ដោយអត្ថន័យមហាសាល សម្រាប់សន្តិសុខស្បៀង ដែលបានផ្តល់កម្លាំងចលករ ដ៏សំខាន់ដល់វិស័យកសិកម្ម របស់ប្រទេសចិន ឱ្យកាន់តែមានសន្ទុះកើនឡើង ជាលំដាប់ ដែលនេះជាប្រសាសន៍ ប្រកបដោយគតិបណ្ឌិត របស់លោក Xi Jinping ប្រធានរដ្ឋចិន បានលើកទឹកចិត្ត ដល់ប្រជាកសិករចិន បង្កើន នវានុវត្តភាពកាន់តែខ្លាំងក្លា លើផលិតភាពកសិផល ដោយផ្អែកលើសុវត្ថិភាពជាចម្បង ។
ទាក់ទងនឹង ស្ថានការណ៍ ពាក់ព័ន្ធនៃការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ជនបទថែមមួយកម្រិតទៀត និងការជំរុញ យ៉ាងប្រាកដប្រជា នូវការស្តារនិង អភិវឌ្ឍជនបទ ដោយគ្រប់ជ្រុងជ្រោយ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ថា ស្បៀងនិងផលិតផលកសិកម្មសំខាន់ៗ មានកំណើនដោយនឹងនរ ។ ទិន្នផលស្បៀងពេញមួយឆ្នាំ បានបង្កើតកំណត់ត្រាថ្មី ដោយលើស ពីចំនួន០,៧ទី្រលានគីឡូក្រាម ។ សមិទ្ធផលទាំងនេះ កើតចេញពីគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនៃការស្តារ និងការអភិវឌ្ឍជនបទ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដោយផ្តោតទៅលើនវានុវត្តន៍ និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ រួមជាមួយកសិកម្មឌីជីថល។

«សន្តិសុខស្បៀងគឺជាផលប្រយោជន៍ជាមូលដ្ឋានបំផុតរបស់ប្រទេស » បានក្លាយជាកម្មវិធីនយោបាយ នៅគ្រប់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធ របស់រដ្ឋាភិបាលចិន ដោយបានចាត់ទុកថា អាហារ គឺជាតម្រូវការចាំបាច់បំផុត របស់មនុស្សជាតិ។ ក្នុងន័យនេះ ការអភិវឌ្ឍជនបទ ដោយបន្ថែម សម្រស់បៃតងភាព កាន់តែខៀវស្រងាត់ ដែលនាំឱ្យសង្គមនៅ ជនបទមានភាពសុខដុមរមនា បានក្លាយជាគោលដៅចុងក្រោយ របស់រដ្ឋាភិបាលចិន។ គម្រោង«Small and Smart» បាននិងកំពុងអនុវត្តនៅគ្រប់ទិសទី ក្នុងប្រទេសចិន ជាក់ស្តែង បច្ចេកវិទ្យាឈានមុខគេដូចជា ការចាប់សញ្ញាពីចម្ងាយ ពីផ្កាយរណប Beidou និងឧបករណ៍គ្រឿង យន្តកសិកម្មឆ្លាតវៃ បានជួយបំប្លែងដីស្រែធម្មតាទូទាំងប្រទេស ទៅជាកសិដ្ឋានឆ្លាតវៃ ជាមួយនឹងការ រួមបញ្ចូលបច្ចេកវិទ្យាព័ត៌មានខ្ពស់ បង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងទិន្នផលដំណាំល្អ ។ វឌ្ឍនភាពនៅជនបទគឺជាជះឥទ្ធិពលវិជ្ជមាន ដ៏ល្អប្រសើរដល់ ការអភិវឌ្ឍជាតិតាមគំរូសេដ្ឋកិច្ចបៃតង ហើយបានជំរុញការកសាងទីជនបទ ក្លាយជាតំបន់ពោរពេញ ដោយមនោរម្យភាព ទាក់ទាញការរស់នៅ ការកម្សាន្ត រួមជាមួយការវិនិយោគ ដែលកត្តាទាំងនេះបានផ្តល់ ជាបច្ច័យទានដល់រដ្ឋាភិបាលចិនសម្រេច បាននូវការកសាងជនបទដ៏ស្រស់ស្អាត ដែលក្នុងនោះផ្លូវថ្នល់ជនបទ ដែលសាងសង់ថ្មីនិងជួសជុលឡើងវិញ មានប្រវែង១សែន៣ម៉ឺនគីឡូម៉ែត្រ អត្រាមានទឹកស្អាតប្រើប្រាស់ នៅជនបទឡើងដល់៩៤% អត្រាគ្រប់ដណ្តប់នៃសេវាបញ្ញើអីវ៉ាន់ រហ័សតាមភូមិនិងជន បទមានចំនួនលើសពី៩៥% ។

«ជនបទរីកចម្រើន ប្រទេសចិនរីកចម្រើន» ជាឃ្លាដែពោរពេញដោយភាព ប្រាកដប្រជា របស់បក្សកុម្មុយនិស្តចិន ដែលតែងរក្សាបាន នូវគោលបំណងដើមរបស់ខ្លួន ដែលតែងបម្រើដល់ប្រជាជនចិន ស្របតាមគោលការណ៍ប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរការទាំងមូល ឬប្រជាធិបតេយ្យ តាមបែបផែនចិន ។ បើទោះបីជាមានភាពរីកចម្រើនខ្លាំង ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ប្រទេសចិននៅតែជាប្រទេសកសិកម្មដ៏ធំមួយ ដែលតែងបានយកចិត្តទុកដាក់ខ្ពស់ លើសុខុមាលភាពជនបទ ហើយតាមរយៈប្រាជ្ញាចិនក្នុងការជម្នះបាន នូវរាល់ឧបសគ្គនានា ទើបជាលទ្ធផលយើងឃើញថា ប្រាក់ចំណូលដែលអាចប្រើ ប្រាស់បានគិត ជាមធ្យមសម្រាប់មនុស្សម្នាក់ៗ របស់កសិករចិន ក្នុងឆ្នាំ២០២៤ឡើងដល់ចំនួន២៣១១៩ប្រាក់យាន់ចិន។ ការអភិវឌ្ឍជនបទប្រទេសចិន បានផ្សារភ្ជាប់យ៉ាងមាំជាមួយនឹង ប្រព័ន្ធសេដ្ឋកិច្ចបៃតងនិងការពង្រឹងអត្តសញ្ញាណវប្បធម៌កសិកម្មរបស់ខ្លួនថែមទៀតផង ជាក់ស្តែងកាលពីឆ្នាំ២០២២ អង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ ជាផ្លូវការថា ប្រព័ន្ធកសិកម្មប្រពៃណីចំនួន៣ របស់ចិនជា សម្បត្តិ បេតិកភណ្ឌវប្បធម៌ ខាងវិស័យកសិកម្មដ៏សំខាន់លើពិភពលោក ពោលគឺប្រព័ន្ធវប្បធម៌តែTie Guanyinនៃស្រុកAnxi ខេត្តFujian ប្រព័ន្ធគង្វាលសត្វនៅវាលស្មៅ Alukeerqin នៃភូមិភាគម៉ុងហ្គោលីក្នុងនិងប្រព័ន្ធស្រែ តាមជម្រាលភ្នំShiyanនៃស្រុកShe ខេត្តHebei។ គិតរហូតដល់បច្ចុប្បន្ននេះ សម្បត្តិបេតិកភណ្ឌវប្បធម៌ ខាងវិស័យកសិកម្មរបស់ប្រទេសចិន មានចំនួនឡើងដល់១៨កន្លែង ដែលបានឈរនៅលំដាប់ទី ១លើពិភពលោក។

«កសិកម្មឆ្នើម ជនបទថ្មី» ជាសារលើកទឹក ចិត្តកាន់តែខ្លាំងក្លា ដល់កសិករក្នុងការចូលរួមក្រោមឆ័ត្រយន្ត ការរបស់រដ្ឋាភិបាលចិនដើម្បីជំរុញ ការផ្លាស់ប្តូរជាវិជ្ជមាននៅជនបទ របស់ប្រទេសចិន ពីការពឹងផ្អែកទាំងស្រុងលើកសិកម្មប្រពៃណី ទៅជាការទទួលយកជាមូលដ្ឋាន និងជានិរន្តរ៍ នូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាត និងការធ្វើទំនើបកម្ម។ កសិកម្មរបស់ចិន បានក្លាយជាគំរូ ជាបទពិសោធន៍ដ៏ជោគជ័យ ដែលមិនត្រឹមតែជាសមិទ្ធផលលុបបំបាត់ ភាពក្រីក្រ និងការផ្តល់ជូននូវកំណើនប្រាក់ចំណូល ដែលអាចប្រើប្រាស់បានគិតជាមធ្យម សម្រាប់មនុស្សម្នាក់ៗ របស់កសិករ ដែលចេញផុត ពីភាពក្រីក្រខ្ពស់ ជាងកម្រិតជាមធ្យម នៅទូទាំងប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងជាមេរៀន ជាគន្លឹះ នៃការដោះលេខកូដ សម្ងាត់ ជាផ្លូវវាងទៅរកវឌ្ឍនភាពសង្គម ដែលពោរពេញដោយការអភិវឌ្ឍ ប្រកបដោយចីរភាពស្រប តាមគោលដៅរបស់អង្គការ សហប្រជាជាតិ និងកៀកជាប់ជាមួយគោលបំណងនិងក្តី សុបិនរួមរបស់មនុស្សជាតិ ថែមទៀតផង។ ក្នុងន័យនេះ ផលដែលប្រជាកសិករចិន កំពុងទទួលបានពន្លាត ឬសគល់នៃបទពិសោធន៍ចាក់ចូលទៅគ្រប់ស្រទាប់ សង្គមរបស់មនុស្សជាតិ ក្នុងពិភពលោកលើវិស័យកសិកម្ម។

ជារួម ដោយចេញ ដំណើរយ៉ាងស្វាហាប់ នាសតវត្សរ៍ទី២១នេះ ជាសតវត្សរ៍ដែលចិនខ្លាំង ជាសតវត្សរ៍ ពោរពេញមនុស្សជាតិ ទទួលបានកាន់តែ ងាយស្រួលពីបទ ពិសោធន៍ជាច្រើន ចែករំលែកដោយប្រទេសចិន ជាពិសេសទំនើបកម្ម កសិកម្មចិន ដែលនេះជាសញ្ញាណដោយបើកចំហ សម្រាប់ពិភពលោកឆ្ពោះ ទៅសហគមន៍ច្នៃប្រឌិតសកល ក្នុងចរន្តពហុប៉ូល ដើម្បីប្រកៀក ស្មាកាន់តែណែន ដើរលើវិថីក្រាលសន្តិភាពនិងអភិវឌ្ឍ ដោយប្រាជ្ញាចិន ស្តីពីកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ក្នុងយុគសម័យថ្មី ។

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន

To Top