ព័ត៌មានអន្តរជាតិ

ស្ងាត់ៗ! ម៉ិកស៊ីកូ មានអ្នកស្លាប់ ដោយសារ ជំងឺកូវីដ១៩ កើនឡើង ដល់ជាង១.៧០០នាក់

ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសុខាភិបាល ម៉ិកស៊ិក បានរាយការណ៍ឲ្យដឹង កាលពីយប់ថ្ងៃពុធថា ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងកូវីដ១៩ បានកើនឡើងដល់១.៧៣២នាក់ ជាមួយគ្នានេះដែរ អ្នកស្លាប់ថ្មីមានចំនួន១៦៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

លោក Jose Luis Alomia អគ្គនាយកទទួលបន្ទុកជំងឺឆ្លង ចំណុះឲ្យក្រសួងសុខាភិបាល បានថ្លែងថា ចំនួននៃអ្នកឆ្លងវីរុសនៅក្នុងប្រទេសបានកើនឡើងដល់១៧.៧៩៩នាក់ ជាមួយគ្នានេះដែរ ករណីដែលសង្ស័យមានចំនួន ១៣.២៦៣នាក់ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជវាំងជាតិ (National Palace) លោក Jorge Alcocer រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពិភាក្សាអំពីដំណើរ និងការឆ្លងជំងឺរបស់វីរុសកូរ៉ូណា ។

លោក Alcocer បានថ្លែងថា ទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់មានវ៉ាក់សាំង នៅឡើយទេ “ប្រសិនបើយើងមិនបានថែទាំសុខភាព របស់យើងទេនោះ យើងអាចឆ្លងវីរុស ណាមួយមិនខាន ដូចជា វីរុសបង្កជំងឺកូវីដ១៩នេះជាដើម” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top