បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារទីតាំងផលិតអាវុធរបស់អ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរសំខាន់ៗ ខណៈដែលប្រទេសទាំងពីរ បន្តការប្រឈមមុខដាក់គ្នា ដែលបានចាប់ផ្តើមកាល ពីសប្តាហ៍មុនមកម្ល៉េះ។
កងកម្លាំងការពារ អ៊ីស្រាអែល ហៅកាត់ថាIDF បាននិយាយថា ការវាយប្រហារបានកំណត់ គោលដៅលើរោងចក្រ ដែលប្រើសម្រាប់ផលិតម៉ាស៊ីន centrifuges ក្នុងទីក្រុងតេហរ៉ង់ ដែលអាចអនុញ្ញាត ឱ្យប្រទេសនេះបង្កើនទំហំ និងល្បឿននៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ យ៉ាងណាក្តីទំហំនៃការខូចខាតគឺ មិនទាន់អាចគណនាបាននៅឡើយទេ។
ទន្ទឹមនឹងនោះ យោធាអ៊ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនដង វាយប្រហារអ៊ីស្រាអែល។
ការវាយប្រហារមួយត្រូវបានគេរាយការណ៍ថារួមមានមីស៊ីល Fattah កម្រិតខ្ពស់ដែលក្រុងតេហេរ៉ង់អះអាងថាបានទម្លាយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលបានយ៉ាងមានប្រសិទ្ធភាព។
គួរឲ្យដឹងដែរថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅតែបាននិយាយថា Operation Rising Lion គឺជាការវាយប្រហារមីស៊ីល ជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់ ដែលធ្វើឡើងដើម្បីបំផ្លាញ កម្មវិធីនុយក្លេអ៊ែរ របស់សាធារណរដ្ឋអ៊ីស្លាម៕
ប្រែសម្រួល៖ស៊ុនលី
