បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបាននិយាយថា យោធារុស្ស៊ីបានបើកការវាយ ប្រហារជាបន្តបន្ទាប់សាជាថ្មីទៅលើវិស័យ ឧស្សាហកម្មការពារជាតិ របស់អ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារ ក្រសួងបាន និយាយថា ការវាយប្រហារជាក្រុម ដែលពាក់ព័ន្ធនឹង អាវុធដែលមានមូលដ្ឋាន លើអាកាស ដីគោក និងសមុទ្រដែលមានភាពជាក់លាក់ខ្ពស់ ព្រមទាំងយន្តហោះគ្មាន មនុស្សបើកបានកំណត់គោល ដៅលើ ទីតាំងឧស្សាហកម្មយោធា នៅក្នុងតំបន់ ក្នុងទីក្រុងគៀវ និងផ្នែកគ្រប់គ្រង ដោយអ៊ុយក្រែន នៃតំបន់ Zaporozhyeជាដើម ។
លោក Vladimir Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែនបានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាយន្តហោះគ្មានមនុស្សបើកជាង៤៤០គ្រឿងនិងមីស៊ីលចំនួន៣២គ្រឿងបានកំណត់គោលដៅនៅ Odessa, Chernigov, Zhitomir, Kirovograd និង Nikolaev ដោយបានសម្លាប់មនុស្សសរុប១៥នាក់និងរបួស៧៥នាក់ផ្សេងទៀត។
គួរឲ្យដឹងដែរថាគេហទំព័រ Strana.ua របស់អ៊ុយក្រែនបានរាយការណ៍ ដោយដកស្រង់សមាជិកនៃទីភ្នាក់ងារថា ការវាយប្រហារមួយបានបំផ្លាញ ឃ្លាំងរំសេវមួយនៅក្នុងតំបន់គៀវ។ វាក៏បានអះអាងផងដែរថា អន្តេវាសិកដ្ឋាននៃវិទ្យាស្ថាន អាកាសចរណ៍នៅរដ្ឋធានីអ៊ុយក្រែន ត្រូវបានវាយប្រហារផងដែរ។
យោងតាមការរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ៊ុយក្រែន លោក Igor Klimenko បាននិយាយថា ការវាយប្រហារបានបំផ្លាញ អគារជាច្រើន រួមទាំងគ្រឹះស្ថានអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែរ៕
ប្រែសម្រួល៖ស៊ុនលី
