ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា ការផលិតអាវុធឡើងវិញ របស់ណាតូ មិនមែនជាការគំរាមរុស្ស៊ី នោះទេ

xinhua

ST. PETERSBURG៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងអំឡុងកិច្ចប្រជុំមួយ ជាមួយប្រមុខទីភ្នាក់ងារព័ត៌មាន ពិភពលោកធំៗថា រុស្ស៊ី មិនចាត់ទុកការប្រឹង ប្រែងផលិតអាវុធឡើងវិញ ណាមួយរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថាជាការគំរាមកំហែង ដល់សន្តិសុខជាតិរបស់ខ្លួននោះទេ ។

លោក ពូទីន បានលើកឡើងថា “យើងមិនមើលឃើញថា ការផលិតអាវុធរបស់អង្គការណាតូ ជាការគំរាមកំហែងដល់សហព័ន្ធរុស្ស៊ីនោះទេ ពីព្រោះយើងមានភាពគ្រប់គ្រាន់ ដោយខ្លួនឯង ក្នុងការធានាសន្តិសុខផ្ទាល់ខ្លួនរបស់យើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីបន្តបង្កើនសមត្ថភាពយោធា និងការពារជាតិរបស់ខ្លួន។ លោកបាននិយាយថា “អ្វីក៏ដោយដែលអង្គការណាតូ ធ្វើ ជាការពិត បង្កើតហានិភ័យជាក់លាក់ ប៉ុន្តែយើងមានសមត្ថភាពពេញលេញក្នុងការបន្សាបរាល់ការគំរាមកំហែង ដែលកំពុងកើតមាន គ្មានការសង្ស័យអំពីរឿងនោះទេ។

លោក ពូទីន ក៏បានចោទសួរអំពីហេតុផល នៅពីក្រោយប្រទេសសមាជិកណាតូ ដែលបង្កើនថវិកាការពារជាតិរបស់ពួកគេ ដោយលើកឡើងថា សកម្មភាពបែបនេះមិនចាំបាច់នោះទេ ។ លោកបានបន្ថែមថា «ការដំឡើងថវិកា ឬការដំឡើងថវិកាដល់ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប ដោយប្រទេសណាតូ គ្មានន័យអ្វីឡើយ» ។

ការកត់សម្គាល់របស់គាត់ បានកើតឡើងចំពេលមានការពិភាក្សាកាន់តែខ្លាំងឡើងនៅក្នុងអង្គការណាតូអំពីការបង្កើនការចំណាយលើវិស័យការពារជាតិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ថ្មីៗនេះ បានបង្ហាញថា សមាជិកណាតូ ទាំងអស់ ត្រូវបានគេរំពឹងថា នឹងយល់ព្រមដំឡើងការ ចំណាយលើវិស័យការពារជាតិ ដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top