តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានតែងតាំងលោក Majid Khademi ជាប្រធានថ្មីនៃអង្គការស៊ើបការណ៍សម្ងាត់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការតែងតាំងនេះត្រូវបានធ្វើឡើងដោយអគ្គមេបញ្ជាការនៃ IRGC លោក Mohammad Pakpour តែប៉ុន្មានថ្ងៃបន្ទាប់ពីលោក Mohammad Kazemi អតីតប្រធានអង្គការ និងលោក Hassan Mohaghegh អនុប្រធានរបស់គាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ។
មុនពេលលោកបានតែងតាំងមុខតំណែងថ្មី លោក Khademi បានបម្រើការជាប្រធានអង្គការការពារស៊ើបការណ៍សម្ងាត់របស់ IRGC។ កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើទីក្រុងតេអេរ៉ង់ និងតំបន់មួយចំនួនទៀតក្នុងប្រទេស ដោយបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលរាប់រយនាក់។ ការវាយប្រហារបានបន្តនៅទូទាំងផ្នែកផ្សេងៗនៃប្រទេសអ៊ីរ៉ង់។
ជាការឆ្លើយតប អ៊ីរ៉ង់បានអនុវត្តការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើគោលដៅជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងការខូចខាតយ៉ាងច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា
