បរទេស ៖ មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានជម្លៀសពលរដ្ឋអាមេរិកប្រហែល ២៥០ នាក់ និងសមាជិកគ្រួសារភ្លាមៗរបស់ពួកគេ ចេញពីប្រទេសអ៊ីស្រាអែល តាមរយៈជើងហោះហើររដ្ឋាភិបាល យោធា និងជើងហោះហើរពិសេស ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២១ ខែមិថុនាមក មន្ត្រីបាននិយាយថា សហរដ្ឋអាមេរិកបានរៀបចំជើងហោះហើរចំនួន ៧ ដែលភាគច្រើនត្រូវទៅទីក្រុង Athens ប្រទេសក្រិក ប៉ុន្តែក៏ទៅកាន់ទីក្រុង Rome អ៊ីតាលី និង Larnaca ប្រទេស Cyprus ផងដែរ។
ជនជាតិអាមេរិកផ្សេងទៀត រួមទាំងបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេបាន ចាកចេញតាមផ្លូវគោក ទៅកាន់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ខណៈដែលអ្នកផ្សេងទៀតបានចាកចេញពីអ៊ីស្រាអែលតាមកប៉ាល់។ មន្ត្រីមិនមានស្ថិតិសម្រាប់ការចាកចេញទាំងនោះ ដែលមិនចាំបាច់ពាក់ព័ន្ធនឹងជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
មានពលរដ្ឋអាមេរិកប្រហែល 700,000 នាក់ ដែលភាគច្រើនមានសញ្ជាតិ២ គឺអាមេរិក-អ៊ីស្រាអ៊ែល ដែលគេជឿថា ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល។
ប្រែប្រួលៈ ណៃ តុលា
