តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែទទួលការឆ្លើយតប ចំពោះការឈ្លានពានរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារទៅលើ រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក បានឲ្យដឹងថា លោក Pezeshkian បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ជាការឆ្លើយតបទៅនឹង ការអំពាវនាវរបស់លោក ម៉ាក្រុង ឱ្យមានការអត់ធ្មត់ លោក Pezeshkian បានលើកឡើងថា សហរដ្ឋអាមេរិក ត្រូវតែប្រឈមមុខនឹងផលវិបាក សម្រាប់ការវាយប្រហារ របស់ខ្លួនលើអ៊ីរ៉ង់។
លោកបានពណ៌នាអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជា “និមិត្តសញ្ញាច្បាស់លាស់នៃភាពមិនស្មោះត្រង់របស់ខ្លួន និងភាពគ្មានមូលដ្ឋាននៃការអះអាងរបស់ខ្លួនអំពីការអនុគ្រោះដល់កិច្ចសន្ទនា និងការស្វែងរកសន្តិភាព”។ ទោះបីជាយ៉ាងនេះក្តី លោក Pezeshkian បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តបន្តរបស់អ៊ីរ៉ង់ ចំពោះផ្នែកការទូតជាមួយអឺរ៉ុប ដោយថា “យើងតែងតែប្រកាសពីការត្រៀមខ្លួនរបស់យើងសម្រាប់ការសន្ទនា និងអន្តរកម្មជាមួយអឺរ៉ុប ហើយមិនដែលបោះបង់ចោលផ្លូវនៃការទូតឡើយ ព្រោះយើងរក្សាថាគ្មាននរណាម្នាក់នឹងរងគ្រោះថ្នាក់ពីការសន្ទនា” ។
លោក ម៉ាក្រុង បានរំលឹកឡើងវិញ នូវឆន្ទៈរបស់ប្រទេសបារាំងក្នុងការបន្តការចរចាជាមួយអ៊ីរ៉ង់ ហើយបានឲ្យដឹងថា ទីក្រុងប៉ារីស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ជម្លោះ និងស្តារស្ថិរភាពឡើងវិញ នេះបើយោង តាមសេចក្តីថ្លែងការណ៍ ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានប្រកាសនៅលើបណ្ដាញ Truth Social របស់លោកថាកងកម្លាំងអាមេរិកបានបញ្ចប់ការ វាយប្រហារលើទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ Fordow, Natanz និង Isfahan ។
ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានធ្វើឡើងបន្ទាប់ពីការ វាយប្រហាររបស់អ៊ីស្រាអែលបានចាប់ផ្តើមតាំងពីថ្ងៃទី ១៣ ខែមិថុនា លើគោលដៅផ្សេងៗក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំង នុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់ជាច្រើននាក់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។
អ៊ីរ៉ង់ បានសងសឹកដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើកលើអ៊ីស្រាអែល។ គិតត្រឹមថ្ងៃសៅរ៍នេះ មនុស្សជាង ៤០០ នាក់បានស្លាប់ និងជាង ៣,៥០០ នាក់ បានរងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមក្រសួង សុខាភិបាលអ៊ីរ៉ង់ ខណៈនៅអ៊ីស្រាអែល អាជ្ញាធរបានរាយការណ៍ថា មានអ្នកស្លាប់២៤នាក់៕
ប្រែសម្រួល ឈូក បូរ៉ា
