បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីក្រុងតេហរ៉ង់បានចាប់ផ្តើមការវាយប្រហារ សងសឹកប្រឆាំងនឹងការដំឡើង យោធារបស់សហរដ្ឋអាមេរិក នៅទូទាំងមជ្ឈឹមបូព៌ា។
ចំពោះប្រតិបត្តិការដែលអ៊ីរ៉ង់ហៅឈ្មោះ ‘Herald of Victory’ រហូតមកដល់ពេលនេះ បានវាយលុកកន្លែងនានា នៅក្នុងប្រទេសកាតា និងអ៊ីរ៉ាក់ជាដើម។
វីដេអូដែលមិនបានផ្ទៀងផ្ទាត់ ដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិត បង្ហាញពីការបាញ់មីស៊ីលជាច្រើនគ្រាប់នៅលើផ្ទៃមេឃខាងលើប្រទេសកាតា ។ ជាក់ស្តែង ការការពារប្រឆាំងយន្តហោះ ត្រូវបានដំណើរការ ដោយមានមីស៊ីលស្ទាក់ ចាប់ជាច្រើនគ្រាប់។
ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថា បានដាក់កំណត់គោលដៅ លើមូលដ្ឋានទ័ពអាកាស Al Udeid ដែលជាទីតាំងយោធាដ៏ធំទូលាយ ដែលប្រើប្រាស់ដោយយោធាកាតា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
យ៉ាងណាក្តីកងកម្លាំងយោធា នៃប្រទេសកាតាបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ទាំងអស់ ដោយមិនមានអ្នកស្លាប់ ឬរបួសនោះទេ ហើយក្រសួងការបរទេស របស់ប្រទេសកាតាបានថ្កោលទោស ការវាយប្រហារនេះថាជា ការរំលោភលើអធិបតេយ្យភាព របស់ខ្លួនដោយបញ្ជាក់ថាទីក្រុងដូហារក្សាសិទ្ធិ ក្នុងការឆ្លើយតបទៅនឹងការ វាយប្រហារនេះ៕
ប្រែសម្រួល៖ស៊ុនលី
