បរទេស ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់មួយ គឺពីរសប្តាហ៍បន្ទាប់ ពីប្រទេសទាំងពីរ បានចាប់ផ្តើមផ្លាស់ប្តូរ ការវាយប្រហារដោយមីស៊ីល និងពីរថ្ងៃបន្ទាប់ពីលោក បានទម្លាក់គ្រាប់បែកលើទីតាំង នុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកប្រធានាធិបតីបាននិយាយថា ‘សង្រ្គាមរយៈពេល ១២ ថ្ងៃ’ នឹង ‘បញ្ចប់’ ក្នុងរយៈពេល ២៤ ម៉ោង បើទោះបីជាប្រទេសទាំងពីរ បានព្រមានអំពីការវាយប្រហារនាពេលអនាគត និងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុង តេអេរ៉ង់បានវាយប្រហារមូលដ្ឋានយោធា ដ៏ធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា ក៏ដោយ។
លោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀង បទឈប់បាញ់នៅក្នុង Truth Social នៅម៉ោង 6.02pm ET ដោយអះអាងថា វាត្រូវបានកំណត់ឱ្យចូលជាធរមាន ក្នុងរយៈពេល ៦ ម៉ោង បន្ទាប់ពីបេសកកម្ម ដែលកំពុងដំណើរការត្រូវបានបញ្ចប់។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា មិនមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែលទេ ប៉ុន្តែប្រទេសនេះ “គ្មានចេតនាបន្ត” ប្រតិបត្តិការយោធា ប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារ។
លោក ត្រាំ បានទម្លាយភាពស្ងៀមស្ងាត់ របស់លោក ចំពោះការវាយប្រហារសងសឹករបស់អ៊ីរ៉ង់កាលពីថ្ងៃចន្ទ ដោយទាមទារឱ្យបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា និងបានចំអកឱ្យ Ayatollah សម្រាប់ “ការឆ្លើយតបដ៏ទន់ខ្សោយរបស់គាត់” ៕
ប្រែសម្រួលៈ ណៃ តុលា
