ឡុងដ៍៖ នៅពេល ដែលមេដឹកនាំ អង្គការណាតូ ប្រមូលផ្តុំគ្នា ក្នុងសប្តាហ៍នេះ នៅទីក្រុងឡាអេ សម្រាប់កិច្ចប្រជុំកំពូល លើកដំបូង ដែលមិនធ្លាប់មាន របស់សម្ព័ន្ធភាព ដែលរៀបចំដោយប្រទេសហូឡង់ ការយកចិត្តទុកដាក់កំពុង ផ្លាស់ប្តូរឆ្ពោះទៅរកភាពស្អិតរមួត និងសក្ដានុពលផ្ទៃ ក្នុងរបស់សម្ព័ន្ធ ជាជាងការប្រឈមមុខនឹង បញ្ហាគោលនយោបាយខាងក្រៅ ។
យោងតាមរបៀបវារៈ ទោះបីជាកិច្ចប្រជុំកំពូលនេះ ដំណើរការជាផ្លូវការរយៈពេលពីរ ថ្ងៃចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមិថុនា ក៏ដោយ ការពិភាក្សាសំខាន់ៗត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ។ របៀបវារៈនេះ គឺផ្តោតជាសំខាន់លើសំណើ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបង្កើនគោលដៅចំណាយ លើវិស័យការពារជាតិ ដល់ ៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដែលជាផែនការដែលទទួល បានការឆ្លើយ តបចម្រុះពីរដ្ឋធានីអឺរ៉ុប ដោយបង្ហាញពីការព្រួយបារម្ភកាន់តែស៊ី ជម្រៅអំពីឯកភាព សមត្ថភាពយោធា និងទិសដៅយុទ្ធសាស្ត្រ រយៈពេលវែងរបស់ណាតូ។
លោក Stefan Wolff សាស្ត្រាចារ្យផ្នែកសន្តិសុខអន្តរជាតិ នៅសាកលវិទ្យាល័យ Birmingham បានឲ្យដឹងថា “កិច្ចប្រជុំកំពូលនេះគឺ ផ្តោតសំខាន់លើលោក ត្រាំ ជាមួយនឹងរបៀបវារៈតែមួយ ដែលត្រូវបានរចនាឡើង ដើម្បីកំណត់ភាពមិនអាចទាយ ទុកជាមុនបាន ។ នោះឆ្លុះបញ្ចាំងពីការខ្វែងគំនិតគ្នា ក្នុងស្ថាប័នរបស់អង្គការ NATO ដែលជាកិច្ចខិតខំប្រឹង ប្រែងការពារ ដើម្បីរក្សាសហរដ្ឋអាមេរិក ជាអ្នកចូលរួម ទោះបីជាចំណាយលើ ផែនការរយៈពេលវែងក៏ដោយ។”
លោក Wolff បានបន្ថែមថា រចនាសម្ព័ន្ធគ្រប់គ្រង យ៉ាងតឹងរ៉ឹងរបស់កិច្ចប្រជុំនេះ គូសបញ្ជាក់ពីការភ័យខ្លាចថា លោក ត្រាំ អាចនឹងចាកចេញមុនកាលកំណត់ ឬដកការគាំទ្រ ប្រសិនបើការពិភាក្សាខុសពីលក្ខខណ្ឌ ដែលបានបញ្ជាក់របស់គាលោក លោកបានបន្ដថា៖ «រចនាសម្ព័ន្ធនៃកិច្ចប្រជុំនេះ គឺមានចេតនាមិនប្រថុយ វាមិនមែនអំពីការកសាង ការឯកភាពគ្នាទេ វាគឺអំពីការជៀសវាងការរំខាន”។
ទោះបីជាតម្រូវការរបស់លោក ត្រាំ សម្រាប់ការចំណាយ លើវិស័យការពារជាតិខ្ពស់ គ្របដណ្ដប់លើរបៀបវារៈក៏ដោយ ការវាយប្រហារតាមអាកាសឯកតោភាគីនាពេលថ្មីៗ នេះរបស់សហរដ្ឋអាមេរិក លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បានបង្វែរការយកចិត្តទុក ដាក់បន្ថែមទៀត របស់អង្គការណាតូពីបេសកកម្មមូលដ្ឋានរបស់ខ្លួន និងការពង្រឹងស្ថាបត្យកម្ម ការពាររបស់អឺរ៉ុប។
លោក Wolff បានបន្ដថា “សហរដ្ឋអាមេរិក ធ្វើសកម្មភាពតែម្នាក់ឯង ហើយអឺរ៉ុបមិនមែនជាផ្នែកនៃការសន្ទនានោះទេ” ។ “អឺរ៉ុបនៅតែខ្វះអ្នកបង្កើតយុទ្ធសាស្ត្រ ដូចជាការស៊ើបការណ៍សម្ងាត់ ការដឹកជញ្ជូនចម្ងាយឆ្ងាយ ការដាក់ពង្រាយរហ័ស និងប្រព័ន្ធបញ្ជា។ ទាំងនេះមិនមែនគ្រាន់តែជាបញ្ហាថវិកាប៉ុណ្ណោះទេ ប៉ុន្ដែវាជាគម្លាតរចនាសម្ព័ន្ធ។”
លោក Wolff បានព្រមានថា ទោះបីជាសមាជិកណាតូ បំពេញតាមគោលដៅ ៥ ភាគរយដែលបានស្នើឡើង ដោយគ្មានការផ្តល់អាទិភាព និងការសម្របសម្រួល ការអភិវឌ្ឍឧស្សាហកម្ម-ការពារជាតិក៏ដោយ ហានិភ័យនៃការចំណាយ បែបនេះនឹងក្លាយទៅជា “អតិផរណាហិរញ្ញវត្ថុ ដោយគ្មានលទ្ធផលជាយុទ្ធសាស្ត្រ”៕
ប្រែសម្រួល ឈូក បូរ៉ា
