ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ នាំយកថវិកានិងគ្រឿង ឧបភោគបរិភោគ ជូនដល់កងទ័ព នៅទិសយោធភូមិភាគទី៥

បាត់ដំបង ៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ ។ ពិធីសំណេះសំណាលនេះធ្វើឡើង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី៥ ស្ថិតក្នុងក្រុងបាត់ដំបង ។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានរាយការណ៍អំពីស្ថានភាពមួយចំនួន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅយោធភូមិភាគទី៥ ព្រមទាំងបានថ្លែងអំណរគុណ ជូនចំពោះនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងប្រតិភូអមដំណើដែលបាននាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ នានាផ្តល់ជូនវីរៈកងទ័ពកម្ពុជា ។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ បានធ្វើការ ប្តេជ្ញាចិត្តរួច ជាស្រេចក្នុងការការពារបូរណភាព ទឹកដី និងអធិបតេយ្យជាតិ មិនឱ្យបាត់បង់ សូម្បីមួយមីលីម៉ែត្រ ដោយអនុវត្តតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន ។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុក្ខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជាកិច្ចកាលសម្ដេចតែងតែ គិតគូរគ្រប់បែបយ៉ាងដល់សុខទុក្ខរបស់កងទ័ព ។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្ដែងការកោតសរសើរចំពោះវីរៈកងទ័ពកម្ពុជាទាំងអស់ដែលបានប្តេជ្ញាចិត្តដ៏មោះមុត និងអង់អាចក្លាហាន ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ ពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ និង គោរពបទបញ្ជារបស់ថ្នាក់លើឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top