ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវា សាធារណៈ ផ្សារទំនើបអូឡាំព្យា ត្រូវបានដាក់ដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ។

មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ មានទីតាំងនៅជាន់ទី៤ ផ្សារទំនើបអូឡាំព្យា ស្ថិតនៅតាម បណ្តោយមហាវិថីសម្តេចមុនីរ៉េត (២១៧) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបម្រើការងារ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ) ពេលព្រឹក ពីម៉ោង៩ ដល់ម៉ោង ១២ និងពេលរសៀល ពីម៉ោង ១៣ ដល់ម៉ោង ១៩យប់។
សូមបញ្ជាក់ថា សាធារណជន ដែលមានបំណងស្នើសុំសេវាទិញលេខ និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន អាចចូលទៅកាន់គេហទំព័រ https://vehicle.mpwt.gov.kh ។

ឬអញ្ជើញទៅកាន់ទីតាំងមណ្ឌលផ្តល់ សេវាសាធារណៈផ្ទាល់នៅរៀងរាល់ម៉ោងធ្វើការ ដូចជា ៖ មណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាម បណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើបអូឡាំព្យា ស្ថិតនៅផ្សារទំនើបអូឡាំព្យា ជាន់ទី៤ តាមបណ្តោយមហាវិថីសម្តេចមុនីរ៉េត (២១៧) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, មណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥៩៨ ភូមិខ១ សង្កាត់ច្រាំងចំរេ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំពោះការទទួលយក និងកិបផ្លាកលេខ អាចធ្វើបាននៅ មណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើប អូឡាំព្យា និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ តែប៉ុណ្ណោះ៕
