ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និង សិប្បកម្មកម្ពុជា របស់សមាគមមូលនិធិសម្តេចតេជោ ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នារសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សមាគមមូលនិធិសម្តេចតេជោ ដែលបានបង្កើតឡើង នៅឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការគាំទ្រ និងជំរុញដល់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស ជំនាញទីផ្សារ និងការដោះស្រាយ បញ្ហាប្រឈមនានា ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។

នាពេលកន្លងមក សមាគមមូលនិធិសម្តេចតេជោ បានចូលរួមចំណែកក្នុងការងារ សង្គមជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា ៖ ការចូលរួមក្នុងយុទ្ធនាការ (១ម៉ឺនរៀល ១ម៉ឺននាក់) ក្នុងឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ការចូលរួមឧបត្ថម្ភមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាដើម ៕
