បរទេស ៖ សម្ព័ន្ធមិត្តរបស់អង្គការណាតូ បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធក្នុងការបង្កើន ការចំណាយលើវិស័យការពារជាតិ របស់ពួកគេច្រើនជាងទ្វេដងដល់ ៥ ភាគរយ នៃផលិតផលក្នុង ស្រុកសរុបនៅឆ្នាំ ២០៣៥ ស្របតាមការទាមទារ របស់ប្រធានាធិបតីអា មេរិកលោក ដូណាល់ ត្រាំ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
កិច្ចព្រមព្រៀង ដែលសម្រេចបាននៅទីក្រុងឡាអេ ក្នុងកិច្ចប្រជុំកំពូល នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលជាសម្ព័ន្ធមិត្តយោធា ដ៏ធំបំផុតរបស់ពិភពលោក ទំនងជានឹង ដឹកនាំរដ្ឋបាលលោក ត្រាំ ដើម្បីជំរុញសម្ពាធលើ ប្រទេសជប៉ុន និងសម្ព័ន្ធមិត្តផ្សេងទៀតឱ្យចាត់ វិធានការស្រដៀងគ្នានេះ។
នៅក្រោមការផ្លាស់ប្តូរដ៏សំខាន់ នៃគោលដៅចំណាយលើវិស័យការពារជាតិ របស់ពួកគេដែលបង្កើនតួលេខពីកម្រិតបច្ចុប្បន្ន ២ ភាគរយនៃផលិតផល ក្នុងស្រុកសរុប មេដឹកនាំបានយល់ព្រមថាការប្តេជ្ញាចិត្ត ៥ ភាគរយរបស់ពួកគេរួម មានការវិនិយោគពីរប្រភេទ។
សមាជិកណាតូបានសន្យាថានឹងបង្កើនការចំណាយក្នុងរយៈពេល ១០ ឆ្នាំខាងមុខដល់យ៉ាងហោចណាស់ ៣.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរៀងៗខ្លួនលើ “ការការពារស្នូល” និង ១.៥ ភាគរយទៀតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលពាក់ព័ន្ធដែលគាំទ្រដល់យោធា ដូចជាការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែ អាកាសយានដ្ឋាន និងស្ពាន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ពួកគេបានអះអាងសារជាថ្មីនូវ “ការប្តេជ្ញាចិត្ត ដោយដែក” របស់ពួកគេ ចំពោះការការពារ សមូហភាព ដូចជា “ការវាយប្រហារលើមួយ គឺជាការវាយប្រហារ លើទាំងអស់គ្នា” ។ សម្ព័ន្ធភាព អន្តរអាត្លង់ទិក ដែលមាន សមាជិក ៣២ប្រទេស ដែលកាលពីឆ្នាំមុនបានប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតរបស់ខ្លួន នឹងពិនិត្យមើល “គន្លង និងតុល្យភាព” នៃការចំណាយក្រោមផែនការថ្មីនៅឆ្នាំ២០២៩។
លោក ដូណាល់ ត្រាំ បានត្អូញត្អែរម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក បានចំណាយច្រើនជាងភាគហ៊ុនយុត្តិធម៌របស់ខ្លួន ដើម្បីការពារប្រទេសអឺរ៉ុប ។ លោកក៏បានបង្កើនការសង្ស័យ ផងដែរអំពីថា តើលោកនឹងគោរពប្រយោគសំខាន់ នៃសន្ធិសញ្ញារបស់សម្ព័ន្ធមិត្ត ដែលតម្រូវឱ្យសមាជិកណាតូទាំងអស់ មកជួយសមាជិកណាម្នាក់ ដែលកំពុងរងការវាយប្រហារ។
ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធ លោក ត្រាំ បានបន្ធូរបន្ថយកង្វល់បែបនេះ ដោយថា លោក “ឈរជាមួយ” និងការពារទៅវិញទៅមករបស់ណាតូ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកបានហៅកិច្ចព្រមព្រៀងចំណាយ ៥ ភាគរយរបស់សម្ព័ន្ធសន្តិសុខថាជា “ជ័យជំនះដ៏ធំមួយ” ៕
ប្រែសម្រួល ឈូក បូរ៉ា
