ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា តាមរយៈការគាំទ្ររបស់ប្រជាជន បានធ្វើឱ្យបរាជ័យនូវឧបាយកលដ៏ពិសពុល របស់ក្រុមប្រឆាំង ជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែរិះ រកគ្រប់វិធី ឥតឈប់ឈរប៉ុនប៉ងផ្តួលរំលំ គណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយមិនប្រជាធិបតេយ្យ ។
ក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) នាថ្ងៃទី២៨ មិថុនា នៅវិមាន៧មករា សម្តេចតេជោ បានថ្លែងថា ប្រជាជនពិត ជាបានឃើញច្បាស់ អំពីសារជាតិ របស់គណបក្ស ប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ និងជាគណបក្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារជាតិ ការកសាង និងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបន្តដឹកនាំប្រជាជន ឆ្ពោះទៅរកអនាគត ដ៏រុងរឿងបាន ។
ជាមួយគ្នានេះ សម្តេចតេជោ គូសបញ្ជាក់ថា ជាសច្ចធម៌ បានបញ្ជាក់ច្បាស់ តាមរយៈការគាំទ្រយ៉ាងច្រើនលើសលប់ របស់ប្រជាជនមកលើគណបក្ស នៅក្នុងរាល់ការ បោះឆ្នោតកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោត ថ្នាក់មូលដ្ឋានឃុំ សង្កាត់ ។ ការគាំទ្រនេះ បានធ្វើឱ្យគណបក្ស មានលទ្ធភាពពេញលេញ ក្នុងការអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយរបស់ខ្លួន ដែលបាននាំកម្ពុជា ឱ្យឈានឡើងពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត ជាបន្តបន្ទាប់ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “តាមរយៈការគាំទ្រ របស់ប្រជាជន ក៏បានធ្វើឱ្យបរាជ័យ នូវឧបាយកលដ៏ពិសពុល របស់ក្រុមប្រឆាំង ជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែរិះរកគ្រប់ វិធីឥតឈប់ឈរប៉ុនប៉ង ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយមិនប្រជាធិបតេយ្យ ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ប្រជាជន” ៕
