តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា គ្មានការរៀបចំ ឬការប្តេជ្ញាចិត្តណាមួយ ត្រូវបានធ្វើឡើង ដើម្បីបន្តការចរចា ជាមួយសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហារ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅលើទឹកដីអ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ IRIB លោក Araghchi បានលើកឡើងថា លទ្ធភាពនៃការចាប់ផ្តើម កិច្ចចរចាឡើងវិញគឺស្ថិត នៅក្រោមការពិចារណា ប៉ុន្តែនឹងអាស្រ័យលើថា តើផលប្រយោជន៍ជាតិរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានការពារឬអត់ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានបន្តថា៖ «ការសម្រេចចិត្តរបស់យើងនឹងផ្អែកលើផលប្រយោជន៍របស់អ៊ីរ៉ង់តែប៉ុណ្ណោះ ប្រសិនបើផលប្រយោជន៍របស់យើងទាមទារឱ្យមានការចរចាឡើងវិញ យើងនឹងពិចារណា ប៉ុន្តែនៅដំណាក់កាលនេះ គ្មានកិច្ចព្រមព្រៀង ឬសន្យាណាមួយត្រូវបានធ្វើឡើង ហើយគ្មានការចរចាណាមួយបានកើតឡើងនោះទេ”។
លោក Araghchi បានចោទ ប្រកាន់ទីក្រុង វ៉ាស៊ីនតោនថា បានក្បត់អ៊ីរ៉ង់ ក្នុងអំឡុងពេល ការចរចាមុនៗ ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ អ្នកការទូតអ៊ីរ៉ង់រូបនេះ ក៏បានបញ្ជាក់ដែរថា ច្បាប់ផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការ ឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានចូលជាកាតព្វកិច្ចបន្ទាប់ពីត្រូវបានអនុម័តដោយសភា និងអនុម័តដោយក្រុមប្រឹក្សា Guardian ដែលជាស្ថាប័នត្រួតពិនិត្យរដ្ឋធម្មនុញ្ញកំពូល។
លោកបានលើកឡើងថា “ច្បាប់ឥឡូវនេះជាកាតព្វកិច្ច ហើយនឹងត្រូវបានអនុវត្ត ។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយ IAEA នឹងផ្លាស់ប្តូររូបរាងថ្មី” ។ លោក Araghchi ក៏បានឲ្យដឹងផងដែរថា ការខូចខាតដែលបណ្តាល មកពីសង្គ្រាមរយៈពេល ១២ ថ្ងៃជាមួយអ៊ីស្រាអែលគឺ “ធ្ងន់ធ្ងរ” ហើយថាអ្នកជំនាញ មកពីអង្គការ ថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ កំពុងធ្វើការវាយ តម្លៃលម្អិត ក្នុងនោះលោកថា សំណួរទាមទារសំណង មានច្រើនក្នុងរបៀបវារៈរបស់រដ្ឋាភិបាល៕
ប្រែសម្រួល ឈូក បូរ៉ា
