បរទេស៖ ក្រុមបញ្ញាវន្តមួយក្រុម បានដាក់ញត្តិរបស់ព្រះមហាក្សត្រថៃ អំពាវនាវឱ្យមានការដកតំណែង នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ដោយលើកឡើងពីកង្វះគុណវុឌ្ឍិ នៃភាពជាអ្នកដឹកនាំ ការចោទប្រកាន់ថាបានបំពានរដ្ឋធម្មនុញ្ញ និងទំនាក់ទំនងទៅនឹងឥទ្ធិពលបរទេស។
យោងតាមសារព័ត៌មាន The Nationចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកសិក្សាថៃចំនួន ១៤៣ នាក់បានដាក់ញត្តិ ថ្វាយព្រះមហាក្សត្រ ដោយជំរុញឱ្យមានការអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីជំនួសនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ។
ក្រុមនេះអះអាងថា លោកស្រីខ្វះសមត្ថភាព បទពិសោធន៍ និងភាពចាស់ទុំ ដែលតម្រូវឲ្យដឹកនាំប្រទេស ហើយចោទលោកស្រីពីអាកប្បកិរិយា ដែលរំលោភរដ្ឋធម្មនុញ្ញ និងគំរាមកំហែងសន្តិសុខជាតិ ។
នៅក្នុងសេចក្តីថ្លែងការណ៍អមជាមួយញត្តិនេះ ក្រុមបញ្ញាវន្តបានយោងទៅលើឃ្លីបសំឡេងរយៈពេល ១៧ នាទីនៃការសន្ទនាឯកជនរវាងលោកស្រី Paetongtarn និងប្រធានព្រឹទ្ធសភាកម្ពុជា ដែលចេញផ្សាយដោយអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥។
ការថតនោះមានផ្នែកមួយដែលលោកស្រី Paetongtarn សំដៅទៅលើមេបញ្ជាការ នៃតំបន់ទ័ពទីពីររបស់ប្រទេសថៃថាត្រូវបានរៀបចំជាមួយ “ភាគីប្រឆាំង” និងបង្ហាញឆន្ទៈក្នុងការបំពេញ តាមបំណងប្រាថ្នារបស់ប្រធានព្រឹទ្ធសភាកម្ពុជា ប្រសិនបើមានការស្នើសុំជាផ្លូវការ៕
ប្រែសម្រួលៈ ណៃ តុលា
