បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDF បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានជោគជ័យសម្លាប់ បានបុរសម្នាក់ដែលមានឈ្មោះថា Hakham Muhammad Issa Al-Issa ដែលត្រូវបានពិពណ៌នាថា ជាសហស្ថាបនិកម្នាក់នៃក្រុមហាម៉ាស់ និងជាមេក្លោងនៃការលុកលុយ ដ៏ប្រល័យកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើឱ្យមនុស្សប្រហែល ១២០០ នាក់បានស្លាប់ ដោយមានមនុស្ស ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង ។
ជាការឆ្លើយតប អ៊ីស្រាអែល បានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ។ កម្លាំងយោធាIDF បានដាក់តំបន់ប៉ាឡេស្ទីន ដែលមានប្រជាជនរស់នៅយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅនឹងការទម្លាក់គ្រាប់បែកដោយកាំភ្លើងធំ និងការ វាយប្រហារតាមអាកាស ជច្រើនលើកច្រើនសា។
យោងតាមកម្លាំង IDF លោក Issa ដែល ដឹកនាំការកសាងកម្លាំង ហ្វឹកហ្វឺន និងរៀបចំផែនការការសម្លាប់រង្គាលថ្ងៃទី ៧ខែតុលា របស់ពួកហាម៉ាស ត្រូវបានសម្លាប់នៅហ្គាហ្សាកាលពីថ្ងៃសុក្រ។
សេចក្តីប្រកាសដដែលបានអះអាងទៀតថា៖បុរសរូបនេះបានបម្រើការជាប្រធានទីស្នាក់ការគាំទ្រការប្រយុទ្ធ និងការវាយប្រហារតាមអាកាស និងទ័ពជើងទឹក ប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងកងទ័ព IDF ដែលប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល៖ស៊ុនលី
