កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា និងបានដុតកម្ទេចគ្រឿងញៀន ជាង ៤៣២ គីឡូក្រាម ។

វិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណ ចំការកៅស៊ូចំការអណ្ដូង ឃុំចំការអណ្ដូង ស្រុកចំការលើ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ទិវានេះរដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ប៉ុន្តែឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ នៅក្នុងស្រុកចំការលើ ពីព្រោះគ្រឿងញៀនដែលសមត្ថកិច្ចធ្វើការរូបអូសនិងដុតកម្ទេចចោលនៅពេលនេះមានទម្ងន់ ជាង ៤០០ គីឡូក្រាម ។

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់យុវជន សូមកុំចង់សាកល្បងគ្រឿងញៀន នឹងត្រូវជៀស ឲ្យឆ្ងាយពីគ្រឿងញៀន កុំជឿតាមការញោះញុង បោកបញ្ឆោតរបស់នរណាម្នាក់ ឈានដល់ការប្រើប្រាស់ រហូតធ្លាក់ខ្លួនជាអ្នកញៀន គ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ខ្លួន ។ ដូច្នេះទាំងអាណាព្យាបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យសហគមន៍របស់យើងមិនមានគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានយកឱកាសនោះថ្លែងក៏សរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មានមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បានយកអស់កម្លាំង កាយចិត្ត ចូលរួមគ្រប់រូបភាព វិធីសាស្ត្រក្នុងបេសកកម្ម ដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងខេត្តកំពង់ចាមទាំងមូល ក៏ដូចជារួមចំណែកគ្រប់សកម្មភាព រៀបចំទិវាអន្តរជាតិឆ្នាំនេះ ឲ្យដំណើរការទៅយ៉ាងរលូន និងសកម្មផលផុស នៅក្នុងទឹកដីស្រុកចំការលើ ដែលបានបង្ហាញពីស្មារតីចូលរួម និងជាចលនាជាតិមួយ គឺចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងក្នុងសហគមន៍គ្មានគ្រឿងញៀន ៕
