តាកែវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៣មក ទិវាមច្ឆជាតិ១ កក្កដា ត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ផ្សព្វផ្សាយ និង បំផុសស្មារតី ឱ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធាន ជលផលប្រកប ដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារ មូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ ជីវភាពប្រជាពលរដ្ឋ ។

ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជ ក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅ ក្នុងដែនទឹកធម្មជាតិ៕


