ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញបិទព្រឹត្តិការណ៍ ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥។ កម្មវិធីដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាក្នុងសាលដំរីនៃពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញ បានរកឃើញម្ចាស់ជ័យលាភីដូចជា ៖ ជ័យលាភីលេខ១ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC), ជ័យលាភីលេខ២ បានទៅលើសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជ័យលាភីលេខ៣ បានទៅលើវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា តាមរយៈការប្រកួតនេះ គឺជាការទទួលយក នូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ដើម្បីប្រើប្រាស់ជាទុន សម្រាប់អភិវឌ្ឍន៍ជំនាញ របស់ខ្លួនក្នុងការចាប់ផ្តើមអាជីព ឱកាស និងការច្នៃប្រឌិតឆ្ពោះ ទៅរកភាពជោគជ័យ របស់ក្រុមសិស្ស និស្សិត ដើម្បីការអភិវឌ្ឍប្រទេសជាតិ ។ ការប្រកួតប្រជែង មិនមែនជាការចាញ់ឈ្នះ តែជាការរួមគ្នាអភិវឌ្ឍកម្រិត សមត្ថភាពជំនាញឱ្យកាន់តែប្រសើរឡើង ។

គួរបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតរ៉ូបូត នៅឆ្នាំ២០២៥នេះ មានសិស្ស និស្សិត ៨ក្រុមមកពី ៥គ្រឹះស្ថានសិក្សា ដែលរួមមាន៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC) និងសាកល វិទ្យាល័យជាតិ គ្រប់គ្រង (NUM) ដើម្បីស្វែងរកជើងឯកតំណាងកម្ពុជា ទៅប្រកួតប្រជែងនៅក្នុង ព្រឹត្ដិការណ៍អន្តរជាតិ (ABU Robocorn 2025) នៅប្រទេសម៉ុងហ្គោលី ចុងឆ្នាំ២០២៥ ខាងមុខនេះ ដែលអាចឱ្យក្មួយៗ មានឱកាសចែករំលែក បទពិសោធន៍រវាងយុវជន និងយុវជនពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ជាកម្មវិធីមួយដែលបានបំផុស និងលើកទឹកចិត្តដល់យុវជនឱ្យងាក មកសិក្សាផ្នែកបច្ចេកវិទ្យាផងដែរ៕







