ព័ត៌មានអន្តរជាតិ

នៅ​ថ្ងៃនេះ, តុលាការ​ព្រហ្មទណ្ឌ​ប្រទេសថៃ នឹង​ចាប់ផ្តើម​សវនាការ​ ស្តាប់ចម្លើយសាក្សី​ ក្នុង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​ របស់លោក ថាក់ស៊ីន​

បរទេស៖ តុលាការព្រហ្មទណ្ឌ របស់ប្រទេសថៃ នឹងចាប់ផ្តើមសវនាការស្តាប់ចម្លើយ សាក្សីក្នុងសំណុំរឿង ប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃចន្ទ ដោយវគ្គគ្រោងនឹង ដំណើរការក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី ១-៣ ខែកក្កដា។

រដ្ឋអាជ្ញាសាធារណៈបានចោទប្រកាន់ថាក់ស៊ីន តាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រឆ្នាំ ២០០៧ ។ ការចោទប្រកាន់នេះ កើតចេញពីបទសម្ភាសន៍ដែលលោក ថាក់ស៊ីន បានផ្ដល់ឱ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ដែលក្នុងនោះគាត់បានធ្វើការ កត់សម្គាល់ដែលចាត់ទុកថា ជាការប្រមាថដល់របបរាជានិយម។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកថាក់ស៊ីន បានបដិសេធរាល់ការចោទប្រកាន់ ហើយបច្ចុប្បន្នកំពុងនៅក្រៅឃុំ។

តុលាការ​បាន​កំណត់​ពេល​សវនាការ​ ពេញ​មួយ​ថ្ងៃ​ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល​ក្នុង​រយៈពេល​បី​ថ្ងៃ​។ លោក ថាក់ស៊ីន ត្រូវ​បាន​តម្រូវ​ឱ្យ​ចូល​រួម​សវនាការ​ ជា​រៀង​រាល់​ថ្ងៃ។
ប្រែប្រួលៈ ណៃ តុលា

To Top