ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចំអកទៅកាន់ប្រទេសថៃ ដែលចង់មើលងាយកម្ពុជា ដោយគិតថាកម្ពុជា ពឹងលើទីផ្សារខ្លួន ស្រាប់តែប្រទេសថៃ បានបិទច្រកព្រំដែន ជាមួយកម្ពុជាទាំងស្រុង ដោយយល់ថាបិទ ច្រកហើយ នឹងធ្វើឱ្យកម្ពុជាលំបាក តែផ្ទុយទៅវិញបែរជាការលំបាក ធ្លាក់លើប្រជាជនខ្លួនទៅវិញ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ លើកទី២០ ស្ថិតនៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាព្រំដែន ជាមួយប្រទេសថៃ ត្រូវអូសបន្លាយរយៈពេលវែងយ៉ាងណាក៏ដោយ សម្រាប់កម្ពុជា នូវតែធានាបាននូវវសន្តិសុខស្បៀង ជូនដល់ប្រជាពលរដ្ឋដដែល ។
ក្នុងនោះសម្តេចធិបតី បានបញ្ជាក់បន្ថែមថា កត្តាមួយសំខាន់ នៃការធានាបាន និងបង្កលក្ខណៈសន្តិសុខស្បៀង គឺសន្តិភាព និងគោលនយោបាយច្បាស់លាស់ ខណៈដែលរាជរដ្ឋាភិបាលច្រើនអាណត្តិ តាំងពីអាណត្តិមុន មកដល់អាណត្តិនេះ បន្តអនុគ្រោះទៅដល់វិស័យឯកជន ធ្វើការងារក្នុងវិស័យកសិកម្ម ដែលរដ្ឋភិបាលបានជួយជាច្រើន រួមទាំងការកសាងប្រព័ន្ធធារាសាស្ត្រជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ទីផ្សារបើកបន្ថែម ការជួយនូវលំនឹងមួយចំនួន ការធានាផលិតផលមួយចំនួន ពិតណាស់ទីផ្សារបរទេសឡើងចុះ យើងខិតខំភ្ជាប់ បង្កើតទីផ្សារបន្ថែមទៀត កំពឹងលើទីផ្សារតែមួយ បងប្អូនបើយើងពឹង លើទីផ្សារតែមួយយើងងាប់ ចឹងបានប្រទេសខ្លះគេចង់មើលងាយ គេថាយើងពឹងលើទីផ្សារគេ គេបិទសាក បិទងាប់ខ្លួនឯង ដោយសារកម្ពុជាបែបនេះ យើងមិនអួត” ។
បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថាការគិតគូររបស់រាជរដ្ឋាភិបាល មិនត្រឹមតែវិស័យកសិកម្ម ដែលជាលក្ខណៈដាំដុះតែដំណាំទេ ការធ្វើនេសាទ ការដាំជាលក្ខណៈយុទ្ធសាស្ត្រ ដូចជាដំណាំកៅស៊ូកែឆ្នៃផ្សេងៗ ដំណាំរួមផ្សំ ការចិញ្ចឹមសត្វក៏រាជរដ្ឋាភិបាលយកចិត្តទុកដាក់ដែរ ធ្វើយ៉ាងណាធានានូវសន្តិសុខស្បៀងផ្ទៃក្នុងរបស់កម្ពុជា ។ ពិតណាស់ កម្ពុជា មិនបិទនៅក្នុងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសផ្សេងៗ រួមទាំងប្រទេសជិតខាង ទាំងកសិកម្មនិងផ្សេងៗ ប៉ុន្តែកម្ពុជាត្រូវពង្រឹងសមត្ថភាព ក្នុងការធានាផ្ទៃក្នុងរបស់ខ្លួន៕
