ភ្នំពេញ ៖ បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) សហការជាមួយ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) និងរៀបចំដោយ ក្រុមហ៊ុន អាយដេន អេជិនស៊ី (iDEN Agency) បានប្រារព្ធកម្មវិធី សន្និសីទកាសែតជាផ្លូវការ ក្នុងការប្រកាសអំពី វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ឆ្នាំ២០២៥ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទនៃសណ្ឋាគារ Novotel ។

វេទិកាសហគ្រិនកំពូលមានគណៈធិបតី ៤រូប ដែលមានដូចជា លោកស្រី ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា លោកស្រី ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមគមន៍ ទេសចរណ៍កម្ពុជា លោកស្រី ចាន់ ភារី ប្រធានសមាគមន៍ សហគ្រិនស្ត្រីកម្ពុជា លោកស្រី សុខ ចិន្តា ប្រធាននាយកប្រតិបត្តិ MeKong Net និងភ្ញៀវកិត្តិយសសំខាន់ៗ ដែលមកពីគ្រប់បណ្តាស្ថាប័ន រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ ជាតិ និងអន្តរជាតិ និង អ្នកសារព័ត៌មាន សន្និសីទកាសែតជាផ្លូវការនេះ បានប្រកាសយ៉ាង ឱឡាឫកអំពីភាព រួចរាល់ និងសេចក្តីសោមនោស្សរីករាយ ក្នុងការធ្វើខ្លួន ជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការទទួលភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមក្នុងវេទិកា ធុរកិច្ចដ៏មានឥទ្ធិពលមួយនេះ ដែលមានបុព្វហេតុ លើកកម្ពស់ និងសាទរ ទៅកាន់សហគ្រិនស្ត្រី ឆ្នើមទូទាំងអាស៊ីអាគ្នេហ៍។

វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ដែលនឹងប្រារព្ធឡើងនាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នឹងផ្តោតសំខាន់ទៅលើ សារចម្បងមួយ ដែលមានចំណងជើងថា ៖ ពិភពលោកនឹងរីកចំរើនរុងរឿង នៅពេលដែលយើង សហការគ្នាជាធ្លុងមួយ ។ សារនេះ មានវត្ថុបំណងក្នុងការរឹតបណ្តឹង និងបង្កើតភាពជាដៃគូល្អរវាងប្រទេស និងប្រទេសក្នុងតំបន់ លើកស្ទួយដំណើរការអភិវឌ្ឍ លើវិស័យធុរកិច្ច ឌីជីថល និង បន្តកិច្ចការក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចរួមគ្នា។ អ្វីដែលកាន់តែពិសេស ឆ្នាំនេះ កម្មវិធីក៏មានការរួមបញ្ចូល សកម្មភាពក្នុងការផ្ទេរ តំណែងជាប្រធាន នៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន ដែលដឹកនាំដោយកម្ពុជា ទៅប្រទេសឡាវផងដែរ ដែលនេះគឺជាការឆ្លុះ បញ្ចាំង ពីវប្បធម៌ដ៏ល្អមួយនៃភាពជាអ្នកដឹកនាំ របស់សហគ្រិនស្ត្រីក្នុងតំបន់ ។

នៅក្នុងកិច្ចថ្លែងសុន្ទរកថា បើកកម្មវិធី លោកស្រី ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា បានមានប្រសាសន៍ថា៖ សុភាសិតមួយដែលខ្ញុំពេញចិត្តបំផុតគឺ «មនុស្សមួយចំនួនអាចប្រឈមជាមួយនឹងឧបសគ្គបាន តែប្រសិនបើយើងចង់ដឹងច្បាស់ថាគេជាមនុស្សបែបណា មានបុគ្គលិកលក្ខណៈបែបណា ចូរផ្តល់អំណាចទៅឲ្យអ្នកនោះចុះ!។
លោក ជិន ថូមីត នាយកប្រតិបត្តិក្រុមហ៊ុន iDEN នឹងជា អ្នកដឹកនាំកម្មវិធី ក៏បានថ្លែងថា អ្វីៗដែលអស្ចារ្យ ដែលបានកើតឡើង ក្នុងលោកយើងនេះ គឺកើតឡើងដោយសារក្តីស្រម៉ៃ និងមានមនុស្សមួយ ក្រុមតូចដែលមិនបោះបង់ ហើយបន្តក្រាញននាល រហូតសម្រេចនូវក្តីស្រម៉ៃទាំងអស់នោះបាន ទោះបីជាមានការចំអក និងមានការរារាំងពីមជ្ឈដ្ឋានខាងក្រៅយ៉ាងក៏ដោយ។
យ៉ាងណាមិញ ភាពជោគជ័យនៃការប្រារព្ធនូវ វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម តាំងពីឆ្នាំមុន មកដល់ឆ្នាំ ២០២៥ នេះ បានបន្តទៅមុខ ដោយមានការចូលរួម ពីដៃគូសហការ និងអ្នកឧបត្ថម្ភដល់កម្មវិធីជាច្រើន មាននូវចក្ខុវិស័យរួមគ្នា ក្នុងការលើកកម្ពស់សហគ្រិន ស្ត្រីក្នុងតំបន់អាស៊ាន ។ ម្យ៉ាងវិញទៀត បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) គឺជាសម្ព័ន្ធមួយ ដែលមានការចូលរួមពីសមាជិកសមាគមទាំង៦ ដែលមានដូចជា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហគមទេសចរណ៍កម្ពុជា (CATA) សមាគមអ្នកផលិតសំបុកត្រចៀកកាំ (CSMEA) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) American Chamber of Commerce និង CEO Master Club ។

ហើយកម្មវិធីក៏បានទទួលនូវការ ចូលរួមឧបត្ថម្ភជាបណ្តើរៗហើយដែលរួមមាន ក្រុមហ៊ុន Mekong Net និង Kong Khun Group ជា Platinum Sponsor ក្រុមហ៊ុន Master Care Dental Clinic និង ហាងនំបុ័ង បាយ័ន ជា Diamond Sponsor និង ភោជនីយដ្ឋាន សាមតូ Flowery Florist និង Beauty World ជា Silver Sponsor ដែលក្រុមហ៊ុនទាំងនេះ ចូលរួមចំនែកយ៉ាងសំខាន់ក្នុងកម្មវិធី។ ហើយកម្មវិធីនេះក៏នៅតែបន្តទទួលយក នូវដៃគូសហការឧបត្ថម្ភថ្មីៗបន្តទៀតផងដែរ ។ ចុងក្រោយ យើងគប្បីកត់សំគាល់ថា វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម នឹងឆ្លុះបញ្ចាំងពីភាព ជាអ្នកដឹកនាំរបស់ អាស៊ាន និងកម្ពុជា ក្នុងកិច្ចការបន្តការអភិវឌ្ឍរួមគ្នា ក្នុងភាពជាសហគ្រិន ៕







