ព័ត៌មានជាតិ

រដ្ឋមន្ដ្រី អ៊ាង សុផល្លែត ជំរុញរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើពលរដ្ឋដើម្បីឆ្ពោះទៅរកលទ្ធផល កាន់តែប្រសើរថែមទៀត

ត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើប្រជាពលរដ្ឋ ឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ ថែមទៀត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ លោក រដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះមូលដ្ឋាន និងអភិបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មានសាមគ្គីភាពល្អជាមួយគ្នា និងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋ បានអនុវត្តភារកិច្ចយ៉ាងសកម្ម និងទទួលបានលទ្ធផលសំខាន់ៗ ក្នុងឆមាសទី១ ឆ្នាំ២០២៥។

លោក រដ្ឋមន្ដ្រី បន្ដថា រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ត្រូវបន្តជំរុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេស ចូលរួមជំរុញឱ្យមូលដ្ឋានស្អាត មានអនាម័យ ដែលផ្តល់សុខភាពល្អ ការរស់នៅស្អាត មូលដ្ឋានមានសោភ័ណភាពទាក់ទាញការចាប់អារម្មណ៍ បន្ថែមទៀតពីអ្នកទេសចរណ៍ និងអ្នកវិនិយោគទុននានា»។

លោក បន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

To Top