ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រកួតប្រជែងគណិតវិទ្យា មិនត្រឹមតែជួយបង្កើនសមត្ថភាពខួរក្បាលលើការគណនា និងវិភាគប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់សិស្សឱ្យសិក្សាយ៉ាងស៊ីជម្រៅអំពីវប្បធម៌ អរិយធម៌ និងភាពរីកចម្រើនរបស់កម្ពុជា។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រឡងកម្មវិធីអភិវឌ្ឍន៍ខួរក្បាល កុមារអាឡូហាអន្តរជាតិ (ALOHA International Competition) ឆ្នាំ២០២៥ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក Shri Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា និង លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡាស៊ី ប្រចាំកម្ពុជា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រឡង នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
កម្មវិធី ALOHA Mental Arithmetic គឺជាការបង្រៀនពីរបៀបគិតលេខដោយប្រើម៉ាស៊ីនគិតលេខ ABACUS ដើម្បីជួយបណ្តុះសមត្ថភាពនៃការចងចាំ និងអភិវឌ្ឍខួរក្បាលកុមារ តាមរយៈការហ្វឹកហាត់ក្បួនគិតលេខបែបរហ័ស និងស៊ីជម្រៅដោយផ្តោតលើប្រសិទ្ធភាព ភាពត្រឹមត្រូវ ការផ្ចង់អារម្មណ៍។ កម្មវិធី អាឡូហានព្វន្ធគណិត (ALOHA Mental Arithmetic Program) ត្រូវបានបែងចែកជាពីរផ្នែក គឺ៖ ផ្នែកសម្រាប់កុមារតូចៗ (អាយុ ៥ ទៅ ៧ ឆ្នាំ) មាន ១០កម្រិត និងផ្នែកសម្រាប់កុមារធំ (អាយុ ៨ ទៅ ១៣ឆ្នាំ) មាន ៨ កម្រិត។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សិស្សានុសិស្សជាតិ និងអន្តរជាតិទាំងអស់ បានចូលរួមក្នុងការប្រកួត ALOHA Metal Arithmetic International នៅកម្ពុជានាឱកាសនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារ ALOHA Metal Arithmetic ជាតិ និងអន្តរជាតិ បានយកអស់កម្លាំងកាយចិត្ត រៀបចំការប្រឡង Metal Arithmetic កម្រិតអន្តរជាតិនេះនៅកម្ពុជាដោយជោគជ័យ និងបានរៀបចំកម្មវិធីដំណើរទស្សនកិច្ចនានាពាក់ព័ន្ធនឹងវិស័យអប់រំសម្រាប់សិស្សានុសិស្សអន្តរជាតិមកពីជាង ៤០ប្រទេស ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ និងតំបន់ទេសចរណ៍នានានៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ការប្រកួតប្រជែងគណិតវិទ្យានៅកម្ពុជានេះ មិនត្រឹមតែជួយបង្កើនសមត្ថភាពខួរក្បាលលើការគណនា និងការវិភាគប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់សិស្សឱ្យសិក្សាយ៉ាងស៊ីជម្រៅអំពីវប្បធម៌ អរិយធម៌ និងភាពរីកចម្រើនរបស់កម្ពុជា»។
ជាមួយគ្នានេះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះទេពកោសល្យ និងសមត្ថភាពរបស់សិស្សានុសិស្សជាតិ និងអន្តរជាតិទាំងអស់ដែលចូលរួមក្នុងការប្រកួតប្រជែងគណិតវិទ្យាយ៉ាងស្វិតស្វាញ ដោយគូសបញ្ជាក់ថា ទោះជាលទ្ធផលនៃការប្រកួតជោគជ័យ ឬបរាជ័យ តែភាពក្លាហានរបស់ក្មួយៗក្នុងការចូលរួមប្រកួត សាកល្បងសមត្ថភាពខ្លួនឯង ស្វែងរកចំណេះដឹង និងបណ្ដុះស្មារតីប្រកួតប្រជែងប្រកបដោយសុខភាពល្អ និងភាពវាងវៃ នឹងជម្រុញទឹកចិត្តក្មួយៗឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសផ្នែកគណិតវិទ្យា ដើម្បីអាចឈានទៅកម្រិតកាន់តែខ្ពស់ ហើយជឿជាក់យ៉ាងមុតមាំថាក្មួយៗទាំងអស់នឹងទទួលបានបទពិសោធដ៏មានតម្លៃពីកម្មវិធីនេះ ដែលជាទុនដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍចំណេះដឹងសម្រាប់អនាគតនៃការសិក្សាដ៏វែងឆ្ងាយខាងមុខទៀត៕






