ព័ត៌មានជាតិ

ស្ថាប័នចំនួន៣ នឹងចាត់វិធានការ នូវសកម្មភាព ទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណ ប ស ស សម្រាប់ធានាលើកម្ចី

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ ធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពី ការចាត់វិធានការ ចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិ សន្តិសុខសង្គម (ប ស ស) សម្រាប់ធានាលើកម្ចី ។

កន្លងមក ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ សង្កេត ឃើញថា មាននីតិបុគ្គល ឬរូបវន្តបុគ្គលមួយចំនួន បានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ ដែលធ្វើឡើងដោយគ្មាន ការអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច ក្រោមរូបភាពផ្សេងៗដូចជា៖ លុយរាប់ ការបញ្ចាំ ការផ្តល់ប្រាក់កម្ចី ដោយផ្ទាល់ និងតាមអនឡាញ ជាដើម ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះបុគ្គលមួយចំនួន ថែមទាំងធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ រៀបចំខសន្យាមិនសុចរិត និងកេងចំណេញហួសហេតុ ព្រមទាំងរក្សាទុកឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់ធានាកម្ចីទៀតផង ។ សកម្មភាពទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចសង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចត្រូវផ្តន្ទាទោស និងដាក់ពិន័យ តាមច្បាប់ជាធរមាន។

ក្រសួងមហាផ្ទៃ ធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានក្រើនរំលឹកជាថ្មី ម្តងទៀតដល់នីតិបុគ្គល ឬរូបវន្តបុគ្គលឱ្យបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដូច ដែលបានរៀបរាប់ខាងលើ។ ក្នុងករណីនៅតែបន្តសកម្មភាពល្មើស នឹងបម្រាមខាងលើនេះ នីតិបុគ្គល ឬរូបវន្តបុគ្គលនោះ នឹងត្រូវទទួលរង ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

To Top