ការចូលរួមផ្នែកយោធា របស់អាល្លឺម៉ង់ នៅក្នុងសន្តិសុខរបស់អ៊ុយក្រែន គឺអាស្រ័យលើការ ចូលរួមរបស់អាមេរិក

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឲ្យដឹងថា ការសម្រេចចិត្ត របស់អាល្លឺម៉ង់ លើការចូលរួមផ្នែកយោធា ដោយផ្ទាល់នាពេលអនាគត នៅក្នុងការធានា សន្តិសុខ របស់អ៊ុយក្រែន នឹងត្រូវបានជះ ឥទ្ធិពលដោយប្រភេទ និងវិសាលភាព នៃការចូលរួម របស់សហរដ្ឋអាមេរិក ក្នុងចំណោមកត្តាផ្សេងៗទៀត។
លោក Merz បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិតនៃ “សម្ព័ន្ធនៃឆន្ទៈ” ដែលរៀបចំដោយរដ្ឋាភិបាលបារាំង ដែលបានប្រមូលផ្តុំមេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។

លោក Merz ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍ថា អឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែក យ៉ាងម៉ឺងម៉ាត់នៃការធានាសន្តិសុខ ដល់អ៊ុយក្រែន នៅពេលដែលដំណោះស្រាយចរចាត្រូវបានសម្រេច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថា ប្រទេសអាល្លឺម៉ង់ ផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងតួនាទីរបស់ខ្លួន ក្នុងការផ្តល់ហិរញ្ញប្បទាន អាវុធ និងការបណ្តុះបណ្តាលកងកម្លាំង ប្រដាប់ អាវុធអ៊ុយក្រែន ដោយលោកបានបន្ថែមថា ការសម្រេចចិត្តលើការចូល រួមផ្នែកយោធាដោយផ្ទាល់ណាមួយ ដោយប្រទេសអាល្លឺម៉ង់ នឹងត្រូវបានពិចារណា នៅពេលសមស្របមួយ ដែលលក្ខខណ្ឌក្របខ័ណ្ឌមានភាពច្បាស់លាស់។
លោកបានលើកឡើងថា លក្ខខណ្ឌរួមមានលក្ខណៈ និងទំហំនៃការចូលរួមពីសហរដ្ឋអាមេរិក និងលទ្ធផលនៃដំណើរការចរចា។ លោក Merz ក៏បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបន្តធ្វើការឆ្ពោះទៅរកកិច្ចប្រជុំកំពូលសន្តិភាពដែលរួមមានលោក ហ្សេឡិនស្គី ជាមួយនឹងគោលដៅនៃការធានាបទឈប់បាញ់៕
