លោក Yukio Hatoyama ធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីសុំខមាទោស ៖ ជប៉ុន ចាំបាច់ត្រូវប្រកាន់ឥរិយាបថ ត្រឹមត្រូវ ចំពោះប្រវត្តិសាស្ត្រ និងចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន

ថ្ងៃទី ៤ ខែកញ្ញា លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានអញ្ជើញចូលរួមសកម្មភាពរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីសនៅប្រទេសចិន បានត្រឡប់ទៅកាន់ជប៉ុនវិញ ពេលទើបដល់ព្រលានយន្តហោះក្រុងតូក្យូ លោកក៏បានផ្តល់បទសម្ភាសន៍ ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ លោកបានថ្លែងថា លោកធ្វើដំណើរ ទៅកាន់ប្រទេសចិន ជាកាយវិការដែលគិតពិចារណាពីកំហុស របស់ជប៉ុនក្នុងប្រវត្តិសាស្ត្រនិងសុំខមាទោស ។
អ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសង្កេតឃើញថា ទាក់ទងនឹងសកម្មភាពរំលឹកខួបថ្ងៃជ័យជម្នះរបស់ប្រទេសចិនលើកនេះ មនុស្សមួយចំនួន នៃប្រទេសជប៉ុន បានបិទស្លាក “ការប្រឆាំងនឹងជប៉ុន” ។ អាចមើលឃើញថា ក្នុងសង្គមជប៉ុនបច្ចុប្បន្ន នៅតែមិនហ៊ាន ប្រឈមមុខនឹង ប្រវត្តិសាស្ត្រនោះទេ ។
ទាក់ទិននឹងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Yukio Hatoyama ក៏មានការរិះគន់នៅជប៉ុនដែរ ។ ប៉ុន្តែ លោកយល់ឃើញថា សព្វថ្ងៃនេះ ជប៉ុនចាំបាច់ត្រូវប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវិត្តសាស្ត្រ និង ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ។ មានតែហ៊ានប្រឈមមុខ នឹងអតីតកាល ដែលធ្លាប់បង្កការឈឺ ចាប់លើប្រទេសជិតខាងនៅអាស៊ី ទទួលស្គាល់កំហុស និងបង្ហាញពីសុទ្ធចិត្ត ទើបជប៉ុនអាចទទួលបាន ទំនុកចិត្តឡើងវិញ ពីបណ្តាប្រទេសអាស៊ីនានា រហូតដល់ពិភពលោកផងដែរ ៕
