លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងបញ្ជូនឆ្មាំជាតិទៅកាន់ទីក្រុង Memphis រដ្ឋ Tennessee

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងដាក់ពង្រាយឆ្មាំជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅទីក្រុង Memphis ដែលជាទីក្រុងដឹកនាំដោយប្រជាធិបតេយ្យក្នុងរដ្ឋ Tennessee ដោយអះអាងថា លោកត្រូវបានគាំទ្រដោយអភិបាលក្រុង និងអភិបាលរដ្ឋ។
ថ្លែងតាមទូរទស្សន៍ Fox News លោក ត្រាំ បានអះអាងថា ទីក្រុងមានបញ្ហាយ៉ាងខ្លាំង ហើយទាំងអភិបាលក្រុង មានភាពរីករាយចំពោះការដាក់ពង្រាយនាពេលខាងមុខ។ លោក ត្រាំ បានលេីកឡេីងថា “យើងនឹងដោះស្រាយដូចដែលយើងបានធ្វើនៅវ៉ាស៊ីនតោន” ។
ទីក្រុង Memphis ដែលជាមូលដ្ឋានរឹងមាំរបស់ប្រជាធិបតេយ្យ មានប្រជាជនភាគច្រើនជាជនជាតិស្បែកខ្មៅ។ អភិបាលក្រុងលោក Paul Young បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា “ខ្ញុំមិនបានស្នើសុំឆ្មាំជាតិទេ ហើយខ្ញុំគិតថាវាមិនមែនជាវិធី ដើម្បីបង្រ្កាបឧក្រិដ្ឋកម្មនោះទេ”។
ទោះយ៉ាងណាក៏ដោយ លោក Young បានលេីកឡេីងថា ក្នុងនាមជាអភិបាលក្រុង លោកនឹង “ធ្វើការជាមួយសហគមន៍នេះ ជាមួយអភិបាលខេត្ត ជាមួយរដ្ឋាភិបាលសហព័ន្ធ”៕
ប្រែសម្រួល ឈូក បូរ៉ា
