កម្ពុជា-អាមេរិក ទទួលបានលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

ក្នុងជំនួបជាមួយលោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃ១៧ វិច្ឆិកា សាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា សហរដ្ឋអាមេរិក ជានិច្ចជាកាលនៅបន្តជួយគាំទ្រដល់វិស័យសុខាភិបាល តាមរយៈជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីរក្សានិរន្តរភាពក្នុងការលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក។

សាស្ត្រាចារ្យរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក-កម្ពុជា សម្រេចបានលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបានថ្លែងអំណរគុណសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សនាពេលកន្លងមក រហូតដល់បច្ចុប្បន្ន ។

ចំណែកលោកស្រីភារៈធារី បានថ្លែងអំណរគុណសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិក និងជម្រាបពីការដាក់ចេញយុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយដែលនឹងត្រូវអនុវត្តតាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធានាបាននូវតម្លាភាព និងនិរន្តរភាពរយៈពេលវែងនៃកម្មវិធីជំនួយបរទេសផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក ដែលជាផែនការយុទ្ធសាស្ត្រ សន្តិសុខសុខភាពសកល និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ដោយលោកស្រីស្នើសុំអនុសាសន៍ លើសេចក្តីព្រាង កិច្ចព្រមព្រៀងទ្វេភាគីថ្មីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

ជាការឆ្លើយតបសាស្ត្រាចារ្យរដ្ឋមន្ត្រី គាំទ្រយុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយនេះ៕





