លោក ស៊ុន ចាន់ថុល ៖ ការពង្រឹងសមត្ថភាពលើក្រុមយុវជន ក្នុងវិស័យឧស្សាហកម្មយានយន្ត នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ពិសេសការពង្រឹងសមត្ថភាពលើក្រុមយុវជន ក្នុងវិស័យឧស្សាហកម្មយានយន្ត នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន RMA Cambodia និង Bendigo Kangan Institute (BKI) Group របស់ប្រទេសអូស្ត្រាលី ដឹកនាំដោយ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់បានចូលរួម និងបានសម្តែងនូវអំណរសាទរលើកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យយុវជនបានបង្កើនជំនាញបច្ចេកទេសឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ជាពិសេស ការពង្រឹងសមត្ថភាពលើក្រុមយុវជនក្នុងវិស័យឧស្សាហកម្មយានយន្តផ្ទាល់ ដោយហេតុថាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច ហើយកិច្ចការងារនេះក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យឧស្សាហកម្មយានយន្ត ការផ្គុំតម្លើង និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិចជាដើម។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលជាបច្ច័យល្អមួយសម្រាប់ការធ្វើពាណិជ្ជកម្ម និងផ្ដល់ភាពច្បាស់លាស់ជូនដល់ពាណិជ្ជករ និងវិនិយោគិន។
ភ្ជាប់ទៅប្រធានបទខាងលើនេះដែរ ដើម្បីជំរុញសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើង លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុនចូលរួមចំណែកឱ្យបានសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR) ពិសេសពាក់ព័ន្ធនឹងការរៀបចំគ្លីនិកចល័ត (Mobile Clinic) ដើម្បីគាំទ្រការផ្ដល់សេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។
ជាការឆ្លើយតប លោកតំណាងក្រុមហ៊ុន RMA Cambodia បានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកគាំទ្រដល់សកម្មភាពខាងលើ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់លើបញ្ហាសង្គម នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាល៕
