ព័ត៌មានអន្តរជាតិ

មន្ត្រីពន្ធនាគារក្រុងបាងកក ២០ នាក់ កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ចំពោះការរៀបចំសិទ្ធិពិសេស និងស្រីពេស្យា ឲ្យអ្នកទោសជនជាតិចិនដែលកំពុងជាប់ឃុំ

‎បរទេស: យោងតាមប្រធាននាយកដ្ឋានកែប្រែ បានឲ្យដឹងថា មន្ត្រីពន្ធនាគារប្រហែល ២០ នាក់កំពុងប្រឈមមុខនឹងការស៊ើបអង្កេតចំពោះការរៀបចំសិទ្ធិពិសេស រួមទាំងការរៀបចំស្រីពេស្យា សម្រាប់អ្នកទោសជនជាតិចិនដែលជាប់នៅពន្ធនាគារនៅទីក្រុងបាងកក។

‎យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា លោកវរសេនីយ៍ ប្រាវុធ វង្សស៊ីនីន បានធ្វើសេចក្តីប្រកាសនេះបន្ទាប់ពីដំណើរទស្សនកិច្ចត្រួតពិនិត្យនៅថ្ងៃសៅរ៍ទៅកាន់ពន្ធនាគារក្នុងសង្កាត់ឆាតទូចាក់ ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក រត្ថាផន ណៅវ៉ារ៉ាត់។

‎រដ្ឋមន្ត្រីរូបនេះ ដែលត្រូវបានចូលរួមដោយឧត្តមសេនីយ៍ យុទ្ធថាណា ប្រាអ៊ីដាម អគ្គនាយកនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) និងអនុសេនីយ៍ អនុរក្ស រ៉ូចនីរ៉ាន់គីត អនុប្រធានរបស់គាត់ បាននិយាយថា នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) នឹងត្រូវទទួលបន្ទុកករណីនេះ។

‎លោកវរសេនីយ៍ ប្រាវុធ បាននិយាយថា លោកបានទទួលព័ត៌មានអំពីទង្វើមិនសមរម្យរបស់បុគ្គលិកពន្ធនាគារមួយខែបន្ទាប់ពីការតែងតាំងលោកជាប្រធាននាយកដ្ឋានកែប្រែនៅថ្ងៃទី ១ ខែតុលា ហើយបានរាយការណ៍វាទៅថ្នាក់លើ៕

‎‎ប្រែសម្រួល: ណៃ តុលា

To Top