ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បដិសេធ​លើការចោទប្រកាន់ពីការជ្រៀត​ជ្រែក​ក្នុង​ភាព​តានតឹង​រវាងថៃ​និង​កម្ពុជា​ និងថា​តួនាទី​ត្រូវ​បាន​កំណត់​ចំពោះ​ការ​សម្របសម្រួល​កិច្ច​សន្ទនា

បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Datuk Seri Anwar Ibrahim បានច្រានចោលការអះអាងថា ប្រទេសម៉ាឡេស៊ីបានជ្រៀតជ្រែកក្នុងភាពតានតឹងការទូតរវាងប្រទេសថៃ និងកម្ពុជានាពេលថ្មីៗនេះ ដោយនិយាយថា វាគ្រាន់តែជាការសម្របសម្រួលកិច្ចសន្ទនាសម្រាប់ដំណោះស្រាយប្រកបដោយមិត្តភាពប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន Malay Mail ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា
លោក Anwar Ibrahim បាននិយាយថា ការចូលរួមរបស់ម៉ាឡេស៊ីគឺផ្អែកលើជំហររបស់ខ្លួនជាអ្នកជិតខាងជិតស្និទ្ធ និងគួរឱ្យទុកចិត្ត ហើយគ្មានចំណុចណាដែល Putrajaya កំណត់ពីរបៀបដែលទីក្រុងបាងកក និងទីក្រុងភ្នំពេញគួរតែដោះស្រាយបញ្ហារបស់ពួកគេនោះទេ។

លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីនៅក្នុងសន្និសីទកាសែតចាកចេញរបស់គាត់នៅទីនេះថា “ខ្ញុំសូមបញ្ជាក់ថា ដំបូង ក្នុងនាមជាអ្នកជិតខាង យើងព្រួយបារម្ភជាធម្មជាតិ ប៉ុន្តែយើងមិនពាក់ព័ន្ធ ហើយក៏មិនផ្តល់បញ្ជាជាក់លាក់ណាមួយអំពីរបៀបដែលពួកគេគួរសម្រេចបាននូវដំណោះស្រាយមួយឡើយ” ។

លោក Anwar ដែលជាប្រធានសម្រាប់អាស៊ានឆ្នាំ ២០២៥ ផងដែរនោះ បាននិយាយថា តួនាទីរបស់ម៉ាឡេស៊ីត្រូវបានកំណត់ក្នុងការអនុញ្ញាតឱ្យមន្ត្រីសំខាន់ៗពីភាគីទាំងពីរអាចទំនាក់ទំនង រួមទាំងការសម្របសម្រួលការពិភាក្សារវាងប្រមុខកងកម្លាំងប្រដាប់អាវុធ និងការលើកទឹកចិត្តទំនាក់ទំនងរវាងរដ្ឋមន្ត្រីការបរទេសរៀងៗខ្លួន។

លោក Anwar បាននិយាយទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីត្រូវបានដឹកនាំដោយការជឿទុកចិត្តដ៏យូរអង្វែងដែលប្រទេសទាំងពីរមាននៅ Putrajaya ជាដៃគូមិត្តភាពដែលអាចជួយបើកបណ្តាញទំនាក់ទំនងនៅពេលចាំបាច់។

ប្រែសម្រួលៈ ណៃ តុលា

To Top