ព័ត៌មានជាតិ

ស.ស.យ.ក ចូលរួមយ៉ាងសកម្មជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយឱកាសការងារដល់បងប្អូនអតីតពលករមកពីថៃ និងអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋានឃុំ-សង្កាត់នីមួយៗ

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ មានការរៀបចំកម្មវិធី «ប្រគល់កង់ជូនដល់យុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាតំណាងភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ» ក្រោមសហអធិបតីភាព លោក​ ហេង សួរ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យដោយមានអ្នកចូលរួមដែលជាសមាជិក សមាជិកា ស.ស.យ.ក. និងយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារប្រមាណជាង ៤០០នាក់។

លោកអភិបាលខេត្ត បានលើកឡើងថា ការប្រគល់កង់ជូនយុវជន ស្ម័គ្រចិត្ត ស.ស.យ.ក ឃុំ-សង្កាត់ សម្រាប់ជាមធ្យោបាយចុះផ្សព្វផ្សាយផ្ដល់ព័ត៌មានអំពីឱកាសការងារ ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករ គឺពិតជាចាំបាច់ក្នុងការជួយដល់មូលដ្ឋាននីមួយៗផ្ទាល់។

នាឱកាសនោះដែរ លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងផ្តល់គ្រប់មធ្យោបាយដើម្បីដោះស្រាយនូវការឆ្លើយតបចំពោះតម្រូវការព័ត៌មានទីផ្សារការងារចំគោលដៅ។ លោកបានថ្លែងអំណរគុណនិងកោតសសើរចំពោះការចូលរួមរបស់ប្អូនៗក្មួយៗយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ ជួយចុះឈ្មោះអ្នកស្វែងរកការងារ ក្នុងគោលបំណងដើម្បីជួយបងប្អូនអតីតពលករនៅតាមភូមិ ឃុំ-សង្កាត់ និងដល់អ្នកស្វែងរកការងារធ្វើ ព្រមទាំងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ។

បន្ថែមពីនេះទៀត លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្អូនៗក្មួយៗ យុវជនទាំងអស់នៅទីនេះ គឺជាអ្នកផ្សព្វផ្សាយព័ត៌មានទីផ្សារការងារជាប្រចាំ ពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយ ដើម្បីជួយឱ្យបងប្អូននៅមូលដ្ឋានបានដឹង និងអាចរកការងារធ្វើបានឆាប់រហ័ស ដោយសារពួកគាត់ជាអ្នកស្រុកផ្ទាល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែងនៅតាមភូមិ ឃុំ-សង្កាត់ និងស្គាល់បងប្អូនអតីតពលករដែលទើបត្រឡប់ពីថៃ ក៏ដូចជាបងប្អូនដែលកំពុងត្រូវការការងារធ្វើ។

លោករដ្ឋមន្រ្តី បានអះអាងថា តាមរយៈយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” និង “យុវជនស្ម័គ្រចិត្តនៅតាមឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ” រួមគ្នាជាធ្លុងមួយជាមួយក្រសួង អាជ្ញាធរមូលដ្ឋាន ដៃគូនានា ក្នុងការផ្សព្វផ្សាយឱកាសការងារដល់បងប្អូនអតីតពលករខ្មែរគ្រប់ៗរូប ដែលត្រឡប់មកកាន់មាតុប្រទេសវិញដែលសម្រេចបានលទ្ធផលគួរជាទីមោទន ហើយរហូតមដល់ពេលនេះ មានអតីតពលករចំនួនជាង ២៨ម៉ឺននាក់ ទទួលបានការងារក្នុងប្រព័ន្ធ និងបងប្អូនអតីតពលកររាប់ម៉ឺនផ្សេងទៀត បានទទួលការងារដោយខ្លួនឯងដូចជាផ្នែកសំណង់ ភោជនីយដ្ឋាន និងសិប្បកម្ម ជាដើម។ ជាមួយគ្នានេះ នៅមានឱកាសការងារចំនួនជាង៨,២ម៉ឺនកន្លែងនៅទូទាំងរាជធានី-ខេត្តទាំង២៥កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើជាពិសេសបងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃលើវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។

នាឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ក៏បានប្រគល់កុំព្យូទ័រយួរដៃចំនួន ៨០គ្រឿង និងអាវរងាជាង ១០០អាវ ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង។

គិតចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុម័តចុះឈ្មោះសមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារសរុបចំនួន ៣ ២៩៦នាក់ មកពីគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស។ ក្នុងនោះដែរ ភ្នាក់ងារព័ត៌មានទីផ្សារការងារទាំងនោះ បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានចំនួន ៧ ៣១៧នាក់ ដោយក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួន ១ ៣១១នាក់៕

To Top