ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៖ ក្រុមប្រឆាំងព្យាយាមប្រឌិតបំភ្លៃ បំផ្លើស ទាក់ទងបញ្ហាព្រំដែន នៅភូមិព្រៃចាន់ និងជោគជ័យ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំង និងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃ បំផ្លើស ទាក់ទងនឹងបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលក្រុមការងារបច្ចេក ទេសភាគីកម្ពុជានិងថៃ បាននិងកំពុងចុះវាស់វែងនិងបង្កើតផែនទីរូបភាព ព្រមទាំងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងថា ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុង នោះរួមទាំងបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះ បង្គោល របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្ម ការ បោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ដូច្នេះក្រុមប្រឆាំងនៅក្រៅស្រុកដែលបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ គឺដើម្បីរុញឱ្យខ្លោចរោយឱ្យឆៅលើបញ្ហាព្រំដែនតែប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់សាធារណជនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា ដែល ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម និងកុំជឿលើការញុះញ់ង និងការផ្សាយព័ត៌មានមិនពិតរបស់ក្រុមប្រឆាំង៕

To Top