ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ ការដឹកនាំគឺជាការលះបង់ ព្រោះការសម្រេចចិត្ត មានអ្នករង់ចាំមើលពីក្រោយ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការដឹកនាំគឺជាការលះបង់ ព្រោះរាល់ការសម្រេចចិត្តរបស់អ្នកដឹកនាំ គឺមានអ្នកនៅរង់ចាំមើលពីក្រោយ ដូច្នេះត្រូវធ្វើការសម្រេចចិត្ត ប្រកបដោយករុណាធម៌ និងមនុស្សធម៌។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈគ្រប់គ្រង និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំទាំងអស់ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការបំពេញតួនាទីភារកិច្ច និងទទួលបានវឌ្ឍនភាពដូចសព្វថ្ងៃ។

សាស្រ្តាចារ្យ បានគូសរំលេចថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល វិស័យសុខាភិបាល ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយនៅកម្ពុជា និងកំពុងបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍ និងវិវត្តន៍នៃសេដ្ឋកិច្ចសង្គម និងតាមតម្រូវការរបស់ប្រជាជន។ ក្នុងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំលោកប្រធានមន្ទីរសុខាភិបាលថ្មី ខិតខំយកចិត្តទុកដាក់ ក្នុងការដឹកនាំបន្ត ជាពិសេសឱ្យមានការគ្រប់គ្រង និងអន្តរាគមន៍ត្រឹមត្រូវ រហ័ស និងទាន់ពេលវេលា ក្នុងករណីមានជំងឺឆ្លងរាតត្បាតផ្សេងៗ និងជំងឺគ្រប់ប្រភេទ ដែលអាចកើតមាន ។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើបន្ថែមដល់ប្រធានមន្ទីរសុខាភិបាលថ្មី ឱ្យបន្តដឹកនាំរក្សានូវនិរន្តន៍ភាព នៃដំណើរការបម្រើសេវាសុខាភិបាល នៅក្នុងខេត្ត និងអភិវឌ្ឍសេវាបន្ថែមទៀត ឱ្យកាន់តែច្រើន និងកាន់តែប្រសើរ ជាពិសេសត្រូវបន្តចុះដល់មូលដ្ឋានផ្ទាល់ជាញឹកញ៉ាប់ និងគ្រប់ពេលវេលា ដើម្បីស្តាប់មន្រ្តីថ្នាក់ក្រោម និងសំណូមពរជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ សំដៅការអនុវត្តន៍ចំគោលដៅ៕

To Top