លោក ឆាយ ឫទ្ធិសែន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតិក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ជាមួយគ្នានោះដែរ ទីប្រឹក្សាក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) ។

អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើក លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពជោគជ័យ របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សុខសន្ដិភាព និងឯកភាពជាតិពេញលេញ ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណនិងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល និងការដឹកនាំបន្តវេនប្រកបដោយថាមវន្ដរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា(ឌីជីថល)ដើម្បីសម្រេចឱ្យបានចក្ខុវិស័យ“កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានបន្ដជម្រាបជូនអំពីគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយបានកំណត់យុទ្ធសាស្ដ្រចំនួន ៥ រួមមាន៖ ទី១.អភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២. ផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទទាំងកម្រិតមូលដ្ឋាន និងកម្រិតសុវត្ថិភាព ប្រកបដោយភាពធន់ និងបរិយាបន្ន, ទី៣. អភិវឌ្ឍសហគមន៍ជនបទ ជាពិសេសការអភិវឌ្ឍចម្រុះ និងបន្ដការអនុវត្តចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់និងបរិយាបន្ន, ទី៤. បង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទប្រកបដោយចីរភាព តាមរយៈពិពិធកម្មមុខរបរនិងនវានុវត្ដន៍ការងារ និងទី៥. លើកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនថាកិច្ចប្រជុំបូកសរុបលទ្ធផលនៅថ្ងៃនេះ គឺពិតជាចាំបាច់បំផុត ក្នុងការពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហា និងការប្រឈមនានាក្នុងការអនុវត្តផែនការសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានស្នើសុំដល់អង្គប្រជុំ ចូលរួមពិភាក្សាឱ្យបានផុសផុល ផ្តល់ជាមតិយោបល់ដែលនឹងប្រើប្រាស់ជាធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការអនុវត្តក្នុងឆ្នាំ ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ។

សូមជម្រាបជូនថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួន រយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០២៥ តាមរបៀបវារៈគ្រោងទុក ដោយមានការអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារក្នុងឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ និងការធ្វើបទបង្ហាញស្តីពីលទ្ធផល និងទិសដៅក្នុងការអនុវត្តការងារទៅតាមកម្មវិធីអាទិភាពទាំង៥ តាមប្រធានបទដែលបានកំណត់ ហើយនៅពេលល្ងាចនៃថ្ងៃប្រជុំនីមួយៗនឹងមានពិធីបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការដែលមានស្នាដៃល្អ ក្នុងការបំពេញការងារជូនជាតិ និងប្រជាជន៕
