Covid-19

កូវីដ១៩៖ រាជរដ្ឋាភិបាល សម្រេចបន្តអនុគ្រោះពន្ធ ដល់វិស័យ២ រយ:ពេល២ខែបន្ថែមទៀត

ភ្នំពេញ៖ ទោះបីកម្ពុជាគ្រប់គ្រង និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរក៏ដោយ តែផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចនៅ តែបន្តអូសបន្លាយនៅឡើយ ឆ្លើយតបបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាស បន្តការអនុគ្រោះផ្នែកពន្ធ ចំពោះវិស័យទេសចរណ៍ និងអាកាសចរណ៍ ចំនួន២ខែបន្ថែមទៀត ដើម្បីរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករនិយោជិត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជដ្ឋាភិបាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា សម្រាប់វិស័យទេសចរណ៍ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្ត កំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០។

រាជរដ្ឋាភិបាលបន្តអនុញ្ញាត មិនឲ្យបង់ប្រាក់ភាគទាន ធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលព្យួរអាជីវកម្ម លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២១។

ចំពោះវិធានការ ជួយវិស័យអាកាសចរណ៍វិញគឺ លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល ២ខែបន្តទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ សំដៅជួយដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាល នៃជំងឺកូវីដ១៩ផងដែរ៕ដោយ៖ធី លីថូ

To Top