អ្នកវិភាគ ៖ កម្ពុជាសម្រេចប្រើប្រាស់យន្តការ ផ្សះផ្សារដោយចាប់បង្ខំ ក្រោយថៃ ដកខ្លួនចេញពី MOU 2001 គឺមានលក្ខណៈស្តង់ដារអន្តរជាតិ
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា អ្នកជំនាញ វិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចនឹងប្រើប្រាស់ យន្តការផ្សះផ្សារ ដោយចាប់បង្ខំ ក្រោយថៃ សម្រេចដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈ នៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 គឺមានលក្ខណៈជាស្តង់ដារអន្តរជាតិ មានវិជ្ជាជីវៈខ្ពស់ និងផ្អែកលើច្បាប់អន្តរជាតិ ។
នៅព្រលប់នៅថ្ងៃ៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ក្រោយថៃ ដកខ្លួនជាឯកតោភាគីចេញពី MOU 2001 (ភាគីថៃហៅថា MOU44) ។

លោកបណ្ឌិតគិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ៦ ឧសភាថា កម្ពុជាសម្រេចបែបនេះ គឺជាយុទ្ធសាស្រ្តដ៏ល្អ ចំពោះកម្ពុជាដែលនឹងកាន់តែមានការជឿជាក់ពីសហគមន៍អន្តរជាតិ ព្រោះជាតួអង្គមានស្ថិរភាពក្នុងការគោរពច្បាប់អន្តរជាតិ ប៉ុន្តែផ្ទុយទៅវិញភាគីថៃទេ នឹងអាចខូចឈ្មោះបន្ថែមទៀត ដោយសារតែអសន្តិសុខគតិយុត្ត ។
លោកបញ្ជាក់ថា “ការណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជាយើង បានសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ ទាមទារ ដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃនេះ ជាការឆ្លើយតបមួយ ដែលមានលក្ខណៈស្តង់ដារ វិជ្ជាជីវៈខ្ពស់ និងផ្អែកលើច្បាប់អន្តរជាតិ” ។
អ្នកជំនាញនយោបាយរូបនេះ សង្កត់ធ្ងន់ថា កម្ពុជាផ្លាស់ប្តូរពីការធ្វើការ ជាទម្រង់ទ្វេភាគី ទៅជាយន្តការដែលមានស្រាប់ ដោយប្រើប្រាស់ យន្តការផ្សះផ្សារចាប់បង្ខំនេះ បង្ហាញពីភាពចាស់ទុំដែលជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលយ៉ាងល្អប្រសើរ ។ បន្ថែមពីនេះ លោកបង្ហាញក្តីសង្ឃឹមថា សម្រាប់រយៈពេលខ្លីខាងមុខ ចំពោះកម្ពុជាសម្រេចប្រើប្រាស់យន្តការផ្សះផ្សារ ដោយចាប់បង្ខំនេះ នឹងមានការបង្កើនការត្រួត ពិនិត្យជាលក្ខណៈអន្តរជាតិ លើតំបន់សមុទ្រត្រួតស៊ីគ្នា រវាងប្រទេសទាំងពីរ ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្រ្តីថៃ បានសម្រេចអនុម័តជាផ្លូវការ នូវសេចក្តីសម្រេចបញ្ចប់ MOU 2001 ។ ចំពោះបញ្ហានេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានចេញសេចក្តីថ្លែងការណ៍ របស់ជាតិឆ្លើយតបភ្លាមៗ ទៅភាគីថៃថា កម្ពុជាចាត់ទុកថា ការបញ្ចប់ ឬការដកខ្លួនចេញ ពីអនុស្សរណៈឆ្នាំ ២០០១ របស់រដ្ឋាភិបាលថៃនេះ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេច ឱ្យប្រទេសទាំងពីរកំណត់ នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ នូវបញ្ហា ពាក់ព័ន្ធនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយ ព្រំដែនសមុទ្រជាមួយគ្នាផង ៕
