ព័ត៌មានជាតិ

រដ្ឋមន្ត្រី សុខ សូកេន អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិរបស់ អ.ដ.ក. លើប្រធានបទស្ដីពី «ការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិរបស់ អ.ដ.ក. លើប្រធានបទស្ដីពី «ការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» ។

សិក្ខាសាលានេះរៀបចំឡើងដោយ អ.ដ.ក. ក្រោមកិច្ចសហការជាមួយអង្គការ UNDP ប្រចាំនៅកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃ អ.ដ.ក. ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន ប្រធានស្ដីទីនៃអង្គការ UNDP ប្រចាំនៅកម្ពុជា អភិបាល/អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី សុខ សូកេន បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កើនគុណភាព និងភាពឆាប់រហ័សនៃការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានរំលឹកអំពីសាវតានិងការវិវត្តនានាពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗជាច្រើនដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ២៨ឆ្នាំចុងក្រោយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមចំណែកយ៉ាងសកម្មពី សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងការជំរុញកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់រដ្ឋបាលសាធារណៈ និងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផ្តោតលើការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការពង្រឹងនីតិរដ្ឋ ដែលក្នុងនោះមុំទី៤ នៃយុទ្ធសាស្ត្រនេះផ្តោតលើការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមអំពីយន្តការទទួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ដែលក្នុងនោះមានក្រសួងអធិការកិច្ច និងអ.ដ.ក. ផងដែរ។

ជាកិច្ចបញ្ចប់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់អង្គសិក្ខាសាលា ក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពនៃយន្តការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កើននូវទំនុកចិត្តពីប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ៕

To Top