មន្ត្រីជាន់ខ្ពស់នរគបាលជាតិ៖ ការបើកឱ្យបង់ប្រាក់ល្មើសច្បាប់ចរាចរណ៍ តាមរយៈធនាគារកាណាឌីយ៉ា ជួយលុបបំបាត់ការតថ្លៃ រវាងអ្នកល្មើស និងអ្នកផាកពិន័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ការសហការជាមួយធនាគារកាណាឌីយ៉ា ក្នុងការបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងកាន់តែរហ័សក្នុងការទូទាត់ ដល់ប្រជាពលរដ្ឋនោះទេ តែក៏អាចជួយលុបបំបាត់ការតថ្លៃគ្នា ដូចនៅតាមផ្សារ រវាងអ្នកល្មើស និងអ្នកផាពិន័យផងដែរ ។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ធ្វើឡើងនាថ្ងៃទី៣១ សីហានេះ ក្នុងឱកាសថ្លែងសុន្ទរកថា ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាងស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ជាមួយធនាគារកាណាឌីយ៉ា ក.អ តាមរយៈតំណាងធនាគារ លោកស្រី ឈាង សោភា ស្តីពីការប្រើប្រាស់សេវាកម្ម ធនាគារកាណាឌីយ៉ា ក.អ សម្រាប់ប្រតិបត្តិការ បង់ប្រាក់ពិន័យ អំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ។
លោកឧត្តមសេនីយ៍ឯក បានឱ្យដឹងពីមូលហេតុដែលត្រូវសហការ ជាមួយធនាគារកាណាឌីយ៉ា ដោយសារពីមុនសមត្ថកិច្ច នៅពេលដែលពិន័យលើបទល្មើសចរាចរណ៍ គឺត្រូវសរសេរដោយដៃ ហើយចេញកំណត់ហេតុទៅអ្នកល្មើស រកកន្លែងទៅបង់ប្រាក់ពិន័យអត់ឃើញ ។ ដោយសារមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើឱ្យអ្នកល្មើសអាចទៅបង់នៅតាមធនាគារ ឬសាខារបស់ធនាគារ ទាំង២៥រាជធានី-ខេត្ត ដោយពុំចាំបាច់មកបង់ផ្ទាល់នៅកន្លែងសមត្ថកិច្ច ខណៈកិច្ចការនេះ នឹងផ្ដល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺអ្នកដែលល្មើសច្បាប់ ។
លោក ចេវ ហាក់ បានគូសបញ្ជាក់ថា កិច្ចសហការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងធនាគារកាណាឌីយ៉ា ក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក គឺជាផ្នែកមួយនៃការធ្វើកំណែទម្រង់ ក្នុងការគ្រប់គ្រង ជាការជួយសម្រួលដល់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាព នៅក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅសម្រេចបាននូវគោលដៅចុងក្រោយ គឺការធ្វើចរាចរណ៍ ប្រកបដោយគោរពច្បាប់ គ្មានអំពើល្មើស និងមានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានថ្លែងថា “នេះជានិមិត្តរូប នៃការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការថ្មីមួយ ដែលផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យា ការសម្រួលនីតិវិធី ការផ្ដល់សេវាប្រកបដោយគុណភាព ដើម្បីរួមចំណែកលើកកម្ពស់ការគោរពច្បាប់ និងគោរព និងឱ្យមានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងសង្គម។ ដើម្បីផ្ដល់ភាពងាយស្រួលឱ្យគាត់ ច្បាប់មានច្បាប់ កុំឱ្យគាត់ពេលផាកទៅ គាត់ហុចទៅប៉ូលីសតថ្លៃគ្នាដូចនៅតាមផ្សារ វាមើលទៅវាបាត់សណ្តាប់ធ្នាប់ដែរ”។
ក្នុងន័យនេះលោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា អ្នកល្មើសច្បាប់ចរាចរណ៍ គ្រាន់តែចុចការផាកពិន័យ ស្របតាមច្បាប់កំណត់ដោយគ្រាន់តែចុចទៅលើ App នឹងអាចបង់ប្រាក់ពិន័យបាន ខណៈដែលប្រកាន់ដៃ នឹងចូលទៅក្នុងប្រព័ន្ធរបស់សមត្ថកិច្ចដែលគ្រប់គ្រង។ បន្ថែមលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិសង្ឃឹមថា ប្រជាពលរដ្ឋនឹងទទួលបាន នូវភាពងាយស្រួល ក្នុងការបង់ប្រាក់ពិន័យបទល្មើសចរាចរណ៍ ហើយធនាគារកាណាឌីយ៉ា នឹងខិតខំបម្រើសេវានេះ ប្រកបដោយគុណភាព គណនេយ្យភាព និងតម្លាភាព៕




