បរទេស៖ សមិទ្ធផលនេះកើតឡើងស្របពេលដែលក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន កំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ចំពេលមានការរឹតបន្តឹងការនាំចេញដែលដឹកនាំដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Poat ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។
វិទ្យាស្ថានស្រាវជ្រាវ Damo Academy របស់ក្រុមហ៊ុន Alibaba Group Holding បានរាយការណ៍ពីការនាំចេញបន្ទះឈីបជាង ៦ពាន់លានគ្រឿង ដែលផលិតឡើងដោយផ្អែកលើស្ថាបត្យកម្ម XuanTie RISC-V របស់ខ្លួន។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពុងបង្កើនការពង្រឹងលើស្តង់ដារបើកចំហ (Open Standard) នៅក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធយានយន្ត។
លោក Meng Jianyi ប្រធានអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Damo Academy បានប្រកាសពីតួលេខនេះកាលពីថ្ងៃចន្ទ នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ RISC-V របស់ចិន នៅទីក្រុងស៊ិនជិន (Shenzhen)។ ភាពជោគជ័យនេះកើតឡើងស្របពេលដែលក្រុមហ៊ុនចិននានាកំពុងស្វែងរកការដើរតួនាទីកាន់តែសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី RISC-V សកល ដែលជាជម្រើសថ្មីមួយជំនួសឱ្យស្ថាបត្យកម្មបន្ទះឈីបដែលបង្កើតឡើងដោយក្រុមហ៊ុនធំៗដូចជា Intel និង Arm។
ក្រុមហ៊ុន Alibaba ដែលមានមូលដ្ឋាននៅទីក្រុងហាំងចូវ (Hangzhou) គឺជាអ្នកឈានមុខគេមួយនៅក្នុងវិស័យ RISC-V របស់ប្រទេសចិន និងកំពុងពង្រីកសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន។ ដោយសារតែស្ថាបត្យកម្មនេះជាស្តង់ដារបើកចំហ អ្នកអភិវឌ្ឍន៍អាចប្រើប្រាស់វាដើម្បីរចនាអង្គប្រតិបត្តិការ (Processors) ព្រមទាំងអាចកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារចនាបន្ទះឈីបបរទេស ចំពេលមានការរឹតបន្តឹងការនាំចេញពីសំណាក់សហរដ្ឋអាមេរិក។
ដោយគូសបញ្ជាក់ពីការទទួលយកស្ថាបត្យកម្មនេះយ៉ាងឆាប់រហ័សនៅលើសកលលោក លោក Meng បានដកស្រង់ការព្យាករណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Omdia ថា ការនាំចេញអង្គប្រតិបត្តិការ RISC-V ទូទាំងសកលលោកនឹងកើនឡើងជិត ៣០ភាគរយជារៀងរាល់ឆ្នាំ ហើយអាចនឹងកាន់កាប់ប្រមាណ ២៥ភាគរយ នៃទីផ្សារអង្គប្រតិបត្តិការទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។
សមិទ្ធផលនៃការនាំចេញនេះ កើតមានឡើងបន្ទាប់ពីការដាក់ដំណើរការកាលពីដើមឆ្នាំនូវម៉ូដែល XuanTie C950 ដែលជាអង្គប្រតិបត្តិការ RISC-V ដ៏សំខាន់ ដែល Alibaba ចាត់ទុកថាមានថាមពលខ្លាំងបំផុតនៅលើសកលលោក។ ក្រុមហ៊ុនបានបញ្ជាក់ថា វាត្រូវបានអភិវឌ្ឍឡើងដើម្បីគាំទ្រដល់ភ្នាក់ងារ AI (AI Agents) និងបន្ទុកការងារផ្សេងៗទៀតនៅក្នុងប្រព័ន្ធ Cloud និងបរិស្ថានកុំព្យូទ័រដែលមានដំណើរការខ្ពស់ ហើយវាផ្តល់នូវប្រសិទ្ធភាពការងារខ្លាំងជាងមុនដល់ទៅ ៣ដង បើធៀបនឹងម៉ូដែលមុន C920។
ការបញ្ចេញម៉ូដែល C950 គឺជាផ្នែកមួយនៃការជំរុញដ៏ធំទូលាយពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រដែលចាំបាច់សម្រាប់ AI។ បច្ចុប្បន្ន ក្រុមហ៊ុន Alibaba, Tencent Holdings និង ByteDance ក៏កំពុងប្រកួតប្រជែងគ្នាផងដែរ ក្នុងការអភិវឌ្ឍភ្នាក់ងារ AI (កម្មវិធីដែលអាចបំពេញការងារដោយស្វ័យប្រវត្តិជំនួសអ្នកប្រើប្រាស់ ឬប្រព័ន្ធផ្សេងៗទៀត) និងការបញ្ចូលកម្មវិធីទាំងនោះទៅក្នុងកម្មវិធី (Apps) របស់ពួកគេរៀងៗខ្លួន៕
ប្រែសម្រួល៖ គីរី
