បច្ចេកវិទ្យា

ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិនកំពុងបន្តពង្រីកចំណែកទីផ្សារ

បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុប មួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញ ជាបន្តបន្ទាប់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី អាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សាររបស់ពួកគេ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យពីស្ថាប័ន Mobility Sweden (ស៊ុយអែត), OFV របស់ន័រវែស និង bilstatistik.dk របស់ដាណឺម៉ាក បានបង្ហាញថា ចំនួននៃការចុះបញ្ជីរថយន្ត Tesla បានកើនឡើង ២៤៨% នៅក្នុងប្រទេសស៊ុយអែត, ១៣១% នៅក្នុងប្រទេសន័រវែស និង ៣៤% នៅក្នុងប្រទេសដាណឺម៉ាក។

ក្រុមហ៊ុនផលិតរថយន្តនេះក៏បានកត់ត្រានូវកំណើនដ៏រឹងមាំនៅក្នុងតំបន់ផ្សេងទៀតនៃអឺរ៉ុបផងដែរ ដោយចំនួននៃការចុះបញ្ជីបានកើនឡើង ២៧១% នៅក្នុងប្រទេសអេស្ប៉ាញ, ១៨៦% នៅក្នុងប្រទេសព័រទុយហ្គាល់ និង ៩៤% នៅក្នុងប្រទេសអ៊ីតាលី នេះបើយោងតាមទិន្នន័យពី ANFAC, ACAP និងក្រសួងដឹកជញ្ជូនរបស់ប្រទេសអ៊ីតាលី។

ការងើបឡើងវិញនេះត្រូវបានជំរុញដោយកត្តាមួយចំនួន រួមមាន៖ មូលដ្ឋាននៃការប្រៀបធៀបទិន្នន័យពីឆ្នាំមុនដែលមានកម្រិតទាប, តម្លៃប្រេងឥន្ធនៈខ្ពស់, ការលើកទឹកចិត្តពីរដ្ឋាភិបាល និងតម្រូវការរថយន្តអគ្គិសនី (EV) ដែលបន្តកើនឡើង។ យ៉ាងណាក៏ដោយ ល្បឿននៃការងើបឡើងវិញមានភាពខុសគ្នាខ្លាំងរវាងទីផ្សារនីមួយៗ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យរថយន្តអគ្គិសនីនៅអឺរ៉ុបកាន់តែមានភាពបែកខ្ញែក (មានការប្រកួតប្រជែងពីម៉ាកយីហោចម្រុះ) ខណៈដែលម៉ាកយីហោចិនកំពុងពង្រីកវត្តមានរបស់ខ្លួនកាន់តែទូលំទូលាយ។

Tesla នៅតែជាម៉ាកយីហោរថយន្តអគ្គិសនីដ៏រឹងមាំបំផុតមួយនៅអឺរ៉ុប ប៉ុន្តែដោយសារតែក្រុមហ៊ុននេះពឹងផ្អែកខ្លាំងលើម៉ូដែល Model 3 និង Model Y ទើបធ្វើឱ្យខ្លួនប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់គូប្រជែងដែលមានជម្រើសម៉ូដែលរថយន្តច្រើនជាង។
ប្រែសម្រួលៈ តុលា

To Top