ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុម ជម្រើសជាតិម៉ុងហ្គោលី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ហើយលោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានចាត់ទុកការប្រកួតនេះ គឺជាឱកាសល្អ ដើម្បីពង្រឹងសមត្ថភាព ត្រៀមជួបហុងកុង ក្នុងវគ្គជម្រុះពានរង្វាន់ បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ។
លោក Felix G.Dalmas បានថ្លែងក្នុងសន្និសីទមុនការប្រកួត កាលពីម្សិលមិញថា នេះគឺជាការប្រកួតមួយដ៏សំខាន់ ដើម្បីពង្រឹងសមត្ថភាពកូនក្រុមត្រៀមប្រកួតជើងទី២ ជាមួយហុងកុង នាថ្ងៃទី១៩-វិច្ឆិកា ។ ទោះបីការប្រមូលផ្ដុំលើកនេះ បានបែងចែកជា ២ក្រុម មួយសម្រាប់ត្រៀមប្រកួតជម្រុះ World Cup និងមួយទៀតត្រៀមប្រកួតស៊ីហ្គេម តែលោកបានអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីបំពេញបេសកកម្មទាំងពីរ រួមទាំងការប្រកួតល្ងាចនេះ ។
គួរបញ្ជាក់ថា ក្រោយចប់ការប្រកួតមិត្តភាពអន្ដរជាតិល្ងាចនេះ ក្រុមទាំងពីរ នឹង ត្រូវបំពេញបេសកកម្មប្រកួតក្រៅដីរៀងៗខ្លួន ក្នុងវគ្គជម្រុះពានរង្វាន់ បាល់ទាត់ ពិភពលោក ឆ្នាំ២០២២ ដោយកម្ពុជា ត្រូវធ្វើដំណើរទៅតតាំងជាមួយ ក្រុមម្ចាស់ផ្ទះ ហុងកុង បន្ទាប់ពីប្រកួតជើងទី១ ស្មើគ្នា ១-១ ខណៈម៉ុងហ្គោលី ត្រូវជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា បន្ទាប់ពីយកឈ្នះ ១-០ កាលពីជើងទី១ ៕