ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានដឹកនាំបុគ្គលិកដាំកូនឈើនៅ វត្តរការកណ្តាល នៃខេត្តក្រចេះ ដើម្បីអបអរសាទរក្នុង “ទិវាសត្វផ្សោតទន្លេមេគង្គ”។ កម្មវិធីដាំកូនឈើនេះ មានការចូលរួមពីគណៈគ្រប់គ្រងនិងបុគ្គលិកហត្ថាកសិករ រួមជាមួយមន្ទីរទេសចរណ៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងតំបន់ដែលមានគ្នាសរុបប្រមាណ ១០០នាក់។
ថ្លែងនៅក្នុងឳកាសនោះ លោក កែវ គីមហ៊ុត នាយកម៉ាឃីតធីង និងស្រាវជ្រាវ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រាសាសន៍ថា “តាងនាមឲ្យថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ខ្ញុំបាទពិតជាមានចិត្តសប្បាយរីករាយជាខ្លាំងដែលបានដឹកនាំក្រុមការងារមកដាំកូនឈើក្នុងថ្ងៃនេះ”។ លោកបន្តថា “នេះមិនមែនជាលើកទី១ទេ ដែលហត្ថាកសិករបានចូលរួមការងារសង្គម កន្លងមកហត្ថាកសិករបានចូលរួមសកម្មភាពជាច្រើនដូចជាការសាងសង់អាគារសាលារៀន ឧបត្ថម្ភសំភារៈសិក្សា ឧបត្ថម្ភកៅអីអង្គុយតាមទីសាធារណៈ ចូលរួមសកម្មភាពរើសសំរាមសំអាតទីក្រុង ចូលរួមជិះកង់ និងរត់ម៉ារ៉ាតុនជាដើម”។ លោកក៏បានលើកឡើងពីសារៈប្រយោជន៍នៃព្រៃឈើ និងភាពជាគំរូល្អក្នុងការដាំកូនឈើសម្រាប់ក្មេងៗជំនាន់ក្រោយ ព្រមទាំងបានផ្សាភ្ជាប់ការដាំកូនឈើទៅនឹងការរីកចម្រើនរបស់ហត្ថាកសិករដោយបានលើកឡើងថា “បើយើងមិនចាប់ផ្តើមដាំកូនឈើក្នុងថ្ងៃនេះទេ យើងនឹងមិនមានដើមឈើធំៗនៅ ២៥ឆ្នាំក្រោយឡើយ ដូចគ្នានឹងហត្ថាកសិករដែរ កាលពី២៥ឆ្នាំមុន យើងមានប្រតិបត្តិការត្រឹមតែ៤ឃុំប៉ុណ្ណោះនៅខេត្តពោធិ៍សាត់ ប៉ុន្តែឥឡូវនេះហត្ថាកសិករមានសាខារហូតដល់១៧៧ នៅទូទាំង២៥ខេត្ត/រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា”។ ទន្ទឹមនឹងនេះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់មន្ទីរនានានៃខេត្តក្រចេះដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីដាំកូនឈើនាវត្តរការកណ្តាលក្នុងថ្ងៃនេះ។
លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានសម្តែងនូវការកោតសរសើរចំពោះហត្ថាកសិករ លីមីតធីតដែលបានឧបត្ថម្ភគាំទ្រ ព្រមទាំងចំណាយពេលវេលា និងលើកទឹកចិត្តឲ្យបុគ្គលិកចូលរួមក្នុងសកម្មភាពដាំកូនឈើដែលជាសកម្មភាពសង្គមដ៏សំខាន់ក្នុងការគាំពារព្រៃឈើ និងថែរក្សាបរិស្ថាន។ លោកបានមានប្រសាសន៍ថា “ដើមឈើពិតជាមានសារៈសំខាន់ណាស់សំរាប់សត្វព្រៃទាំងឡាយ ហើយដើមឈើគឺជាជីវិតរបស់យើងទាំងអស់គ្នា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខែ្មរទាំងអស់មិនថាទៅដល់ទីណាទេ សូមមានឆន្ទៈចូលរួមថែរក្សាព្រៃឈើទាំងអស់គ្នា”។
គួររម្លឹកផងដែរថា ហត្ថាកសិករគឺជាគ្រឹះស្ថានមីក្រូហិរញ្ញដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងចាស់វស្សាមួយក្នុងប្រទេសកម្ពុជា។ ហត្ថាកសិករ មិនត្រឹមតែផ្តល់សេវាកម្មហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាឲ្យមានជីវភាពប្រសើរឡើងនោះទេ ថែមទាំងចូលរួមសកម្មភាពជាច្រើនក្នុងការទទួលខុសត្រូវការងារសង្គម និងជួយសហគមន៍ថែមទៀត។ ជាមួយនឹងគុណភាពនៃផលិតផល និងសេវាកម្ម ភាពច្នៃប្រឌិត ការបង្កើតថ្មី និងការគាំពារអតិថិជនបានធ្វើឲ្យស្ថាប័នមួយនេះរីកចម្រើន និងលេចធ្លោយ៉ាងខ្លាំង។ នៅឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំបំផុតទី៥ របស់ព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុឈានមុខគេរបស់ជប៉ុន Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិដ៏ធំមួយនៅលើសកលលោក។