អត្ថបទ

KIT បើកបវេសនកាល ជាមួយនឹងការផ្តល់ អាហារូបករណ៍ ១០០ភាគរយ

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ(KIT) បានបើកវគ្គបណ្តុះបណ្តាលជំនាន់ទី៥ ជាមួយនឹងវត្តមាននិស្សិតអាហាររូបករណ៍ជាតិ និងអន្តរជាតិកាន់តែច្រើន ពិសេសស្តង់ដានៃការអប់រំ ដែលផ្តោតលើនវានុវត្តន៍នៃពេលអនាគត។

លោកTAKESHI Izukaអគ្គនាយកនៃក្រុមហ៊ុនA2A Town Cambodia ដែលបានបើកវិទ្យាស្ថានKIT ក្នុងគោលដៅផ្តល់ការអប់រំប្រកបដោយគុណភាព ដល់និស្សិតកម្ពុជា និងអន្តរជាតិបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យបានបង្កើតឡើង ដើម្បីជួយដល់និស្សិតកម្ពុជា​ឆ្លើយតបនឹងការរីកចម្រើន​នៃវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍកម្ពុជា។

និស្សិតសិក្សានៅទីនេះ ទទួលបានអាហារូបករណ៍​ ១០០ភាគរយ ជាមួយអាហារប្រចាំថ្ងៃ អន្តេវាសិកដ្ឋានសំរាប់ស្នាក់នៅ ការបោកគក់សម្លៀកបំពាក់ និងសម្ភារៈសិក្សាជាដើម។

កម្មវិធីសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ មានចំនួនពីរ ទី១ វិស្វកម្មកុំព្យូទ័រ និងបដិសណ្ឋារកិច្ច ជាមួយគ្រូបរទេសនិងសិក្សាជាភាសាអង់គ្លេស។ លើសពីនេះពួកគេ ត្រូវសិក្សាមួយថ្ងៃ៨ម៉ោង ដោយ៤ម៉ោងសិក្សាក្នុងថ្នាក់ និង៤ម៉ោងអនុវត្តន៍ផ្ទាល់ លើកម្មវិធីសក្សារបស់ពួកគេ។

លោកTakeshi Izukaបានមានប្រសាសន៍ថា គិតចាប់ពីពេលបើកដំណើរការ ចាប់តាំងពីឆ្នាំ២០០៤ រហូតមកទល់ពេលនេះ KITបានទទួលនិស្សិតអាហារូបករណ៍ ជាង៣០០នាក់់ ដែលមាននិស្សិតជនជាតិខ្មែរ ភាគច្រើន និងនិស្សិតជប៉ុនជាដើម។

លោកម៉ក់ ងយរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានថ្លែងថា វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានបង្កើតកម្មវិធីសិក្សា ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាល គឺគោលនយោបាយអភិវឌ្ឍន៍ វិស័យស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ និងគោលនយោបាយ របស់ក្រសួងអប់រំយុវជន និងកីឡាក្រោយឆ្នាំ២០៣០។ ការពង្រឹងធនធានមនុស្សជំនាញ ជាអ្វីដែលដើរស្របគ្នា នឹងគោលនយោបាយ របស់រដ្ឋាភិបាល ដើម្បីរុញកម្ពុជា ឲ្យឈានឡើងក្លាយជា ប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

កញ្ញាYumi Nakahara និស្សិតមកពីប្រទេសជប៉ុន ដែលបានមកសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានមានប្រសាសន៍ថា ដោយបានសិក្សាស្វែងយល់ ពីវិទ្យាស្ថាននេះ កញ្ញាបានសម្រេចចិត្ត មកសិក្សានៅទីនេះ លើជំនាញវិស្វកម្មកុំព្យូទ័រ ដែលជាជំនាញមួយ កញ្ញាចូលចិត្ត ព្រោះពេលបញ្ចប់ ការសិក្សាកញ្ញា អាចត្រលប់ទៅបំពេញការងារ នៅប្រទេសជប៉ុនវិញបាន។កញ្ញាបន្តថា កម្មវិធីសិក្សា និងទីតាំងរបស់វិទ្យាស្ថាននេះ មានភាពអំណោយផល ដល់ការសិក្សា ហើយយើងរីករាយ ក្នុងការសិក្សានៅទីនេះ ជាមួយនិស្សិតកម្ពុជា និងនិស្សិតជប៉ុន ជាច្រើនដែលបានសិក្សា នៅទីនេះ។

ចំណែកកញ្ញាហ៊ុយ វីរីយ៉ានិស្សិតអាហារូបករណ៍ ដែលបានចាប់ផ្តើម ចូលរៀននៅក្នុងវិទ្យាស្ថាននេះ សម្រាប់ឆ្នាំសិក្សា២០១៩ ២០២០បានមានប្រសាសន៍ថា កញ្ញារីករាយ ដែលបានប្រលង ជាប់អាហារូបករណ៍ នៅទីនេះ ហើយកញ្ញាមានអារម្មណ៍ នឹកផ្ទះពេលមកស្នាក់ នៅវិទ្យាស្ថាននេះតំបូងៗ ប៉ុន្តែមួយរយៈក្រោយមក យើងមានមិត្តភ័ក្តិ យើងសិក្សារួមគ្នា ធ្វើឲ្យយើងមានភាពរីករាយ ជាមួយបរិយាកាសនៅទីនេះ នឹងបរិយាកាសធម្មជាតិនៅទីនេះ ដែលជាតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតរបស់យើង។

ជាមួយគ្នានេះ លោកបណ្ឌិតឆែម គាតរិទ្ឋីរដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ដែលអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល នៅKIT បានមានប្រសាសន៍ អបអរសាទរ និងកោតសរសើរដល់KIT ពិសេស លោក Takeshi Izukaដែលបានបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ពិសេសការរៀបចំកម្មវិធីសិក្សា ប្រកបដោយគុណភាព កម្រិតអន្តរជាតិ។
លោកបន្តថា និស្សិតសិក្សានៅទីនេះ ពួកគេប្រឈមបញ្ហាមួយចំនួន ដូចជាការបែកចេញពីគ្រួសារ ដែលនេះ ជាការប្រឈមមួយ សំរាប់ប្រពៃណីទំនៀមទំលាប់ខ្មែរ ប៉ុន្តែពួកគេត្រូវតែចេះ សម្របខ្លួន ដែលបែកពីគ្រួសារ ដូច្នេះប្អូនៗត្រូវតែចេះរៀនរស់ ដោយខ្លួនឯង រៀនរស់នៅជាមួយមិត្តភ័ក្តិ និងរៀនរស់ បែបជាសហគមន៍មួយ ដែលផ្តល់សារៈប្រយោជន៍ និងគុណតម្លៃ សំរាប់ជីវិតរបស់ពួកគេ៕

To Top