អត្ថបទ

សហគ្រិន២រូប សហការគ្នា បង្កើតផ្សារសៀមរាបថ្មី ឆ្លើយតបនឹងតម្រូវការ អាជីវករឃុំសៀមរាប ស្រុកកណ្តាលស្ទឹង

កណ្តាល៖ មកទល់នឹងពេលនេះ អាជីវករមួយចំនួន បានចូលលក់ដូរ នៅក្នុងផ្សារសៀមរាបថ្មី ដែលត្រូវបានបង្កើតឡើង​​ ដោយសហគ្រិនមកពីភ្នំពេញ ២រូប សហការគ្នា​ ក​សាងផ្សារសៀមរាបថ្មីនេះឡើង ដើម្បីឆ្លើយតប និងតម្រូវការទីផ្សារ របស់អាជីវករ និងប្រជាពលរដ្ឋ ដែលរស់នៅភូមិចំបក ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្របតាមគោនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ផ្សារសៀមរាបថ្មី ត្រូវបានសម្ពោធ ដាក់ដំណើរការជាផ្លូវការ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមវត្តមានសហគ្រិនទាំងពីររូប មានលោក ខាត់ វិរ័ត្ន​ និងលោក វ៉ាត ឃឿន ដែលបានសាងសង់រួចរាល់ និងបានដាក់លក់ និងជួល ដល់អាជីវករ លក់ដូរជាបន្តបន្ទាប់ ប្រមាណជា ២០០តូប ក្នុងចំណោម តូបសរុប ៤៥០តូប ខណៈផ្សារសៀមរាបថ្មីនេះ មានតូបលក់ដូរ ២ប្រភេទ ទី១ តូបមានទំហំ 4×6ម៉ែត្រ (មានបន្ទប់ទឹកមួយស្រាប់) និងទី២ តូបទំហំ 2×2.5ម៉ែត្រ ។ តូបទាំងពីរប្រភេទ នេះ ត្រូវបានដាក់លក់ ដែលមានកុងត្រារយៈពេល១០ឆ្នាំ និងមានជួលប្រចាំខែផងដែរ ។ ការរៀបចំនូវប្រពន្ធលក់ និងជួលបែបនេះ តាមការលើកឡើង របស់សហគ្រិនទាំង២រូបខាងលើ បញ្ជាក់ថា ដើម្បីបង្កភាពងាយស្រួល ដល់អាជីវករតូចៗ ដែលមិនមានលទ្ធភាព​ គ្រប់គ្រាន់ក្នុងការទិញ ដោយប្រើដើមទុនធំ ដូច្នេះអាជីវកអាចជួល ជាប្រចាំខែ ​ក្នុងតម្លៃសមរម្យ និងសាកសម នឹងលទ្ធភាពរបស់អាជីវករមួយចំនួន ។

ក្នុងឱកាសបើកសម្ពោធ​​ ផ្សារសៀមរាបថ្មី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ​ លោក ខាត់ វិរ័ត្ន បានឲ្យដឹងថា ក្រុមហ៊ុនមានក្តីសោមនស្សរីករាយ ចំពោះការរៀបចំ បង្កើតផ្សារសៀមរាបថ្មីនេះឡើង ដោយបានចូលរួម បញ្ជៀសភាពអសកម្មមួយចំនួន មានដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកន្លងមកអាជីវករ បានធ្វើ​ការលក់ដូរតាមចញ្ចើមផ្លូវ និងហ៊ាទៅលើផ្លូវ ព្រមទាំងតូបលិចទឹក ពេលភ្លៀងធ្លាក់ម្តងៗ មកលក់ដូរ ក្នុងទីតាំងលក់ដូរត្រឹមត្រូវ និងបានជួយធ្វើយ៉ាងណា ឲ្យនៅក្នុងភូមិឃុំ ស្រុក មានផ្សារដែលល្អ សម្រាប់លក់ដូរ ប្រកបដោយអនាម័យ ធំទូលាយ និងបរិយាកាសល្អ ពោពេញដោយផាសុភាព ។

ក្នុងឱកាសនោះ លោក ខាត់ វិរ័ត្ន​ ក៏បា​នសុំណូមពរ​ ដល់បងប្អូនអាជីវករទាំងអស់ អោយមានស្មារតីជ្រោមជ្រែង មានស្មារតីទទួលខុសត្រូវ មានស្មារតីគិតដល់ខ្លួនឯង ដើម្បីពង្រឹងគុណភាពទំនិញ ពង្រឹងនូវតម្លៃ ពង្រឹងនូវសោភ័ណ្ឌភាព ឲ្យទទួលបាន ការទាក់ទាញទៅដល់អ្នកទិញផងដែរ៕

To Top